កណ្តាល៖ម្ចាស់ផ្ទះ២នាក់ដែលបើកលេងល្បែងកន្ទុយលេខនិងបើកលក់កាហ្វេលេងអុកត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលសៀមរាប និងប៉ូលិសស្រុកកណ្តាលស្ទឹង កោះហៅមកអប់រំធ្វើកិច្ចសន្យា បញ្ឈប់ការជួបជុំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺកូវីដ-១៩ នាថ្ងៃទី២៨មេសាឆ្នាំ២០២១ ។
សមត្ថកិច្ចបានអោយដឹងថា ដំបូងមានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនលោកស្នងការថា នៅភូមិសៀមរាប ឃុំសៀមរាប មានកន្លែងកត់កន្ទុយលេខ និងលេងអុកមួយកន្លែងមានម្ចាស់ឈ្មោះ កាច បានបើកធ្វើអាជីវកម្មដែលមានមនុស្សចេញចូលជាច្រើន និងអង្គុយលេងអុកផឹកកាហ្វេពេញៗ មិនខ្លាចឆ្លងជំងឺទេមើលទៅគួរឱ្យបារម្ភណាស់ និងផ្ទះចឹកលី នៅជាប់អតីតការ៉ាស់សាំងកាល់តិចចាស់ មានបើកលេងបៀរមានមនុស្សប្រមូលផ្តុំលេងជាច្រើន សូមមេត្តា លោកស្នងការជួយណែនាំផង។
សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពី ក្រុមប្រតិកម្មរហ័សខេត្ត លោកអធិការ និងក្រុមប្រតិកម្មរហ័សស្រុកកណ្តាលស្ទឹង បានបញ្ជាដល់លោកនាយប៉ុស្តិ៍រដ្ឋបាលសៀមរាប ចុះទៅស្រាវជ្រាវរកទីតាំងខាងលើ។ ជាលទ្ធផលនៅថ្ងៃពុធទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២រសៀល កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសៀមរាប រួមសហការជាមួយកម្លាំងប្រជាការពារ បានចុះទៅស្រាវជ្រាវស្វែងរកទីតាំងលេងល្បែងនោះ បានរកឃើញចំនួន០២ទីតាំងដែលផ្តល់ទីតាំងនិងលេងលេងល្បែងស៊ីសងខុសច្បាប់។
ហើយទីតាំងទាំង២នោះ រួមមាន ១-នៅផ្ទះរបស់ឈ្មោះ សុខ លី ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប បានផ្តល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់(បៀរ) និង២-នៅផ្ទះរបស់ឈ្មោះ អ៊ូ សុខអ៊ីម ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប លេងល្បែងស៊ីសងខុសច្បាប់កត់កន្ទុយលេខ និងផ្តល់ទីតាំងលេងបៀរ រួមទាំងលេងអុកភ្នាល់ដាក់លុយទៀតផង។
ចំពោះករណីទាំង០២នេះសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំដល់ពួកគាត់ទាំង០២នាក់ឱ្យបញ្ឈប់ ការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះតទៅទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕ដោយ ភាវុន