កំពង់ចាម : ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១ នាព្រឹក ថ្ងៃ ទី ២៨ ខែមេសា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ប្រធាន គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បាន ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យ គណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើ ឲ្យ វិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេច បានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ក៏ដូចជា ការផ្តល់អំណោយ មនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។ ថ្លែងក្នុង កិច្ចប្រជុំ នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក្នុង នាម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ ពង្រឹងភាពជាម្ចាស់ការរបស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឲ្យ មានតម្លាភាព និងគណនេយ្យភាពផងដែរ ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាន ជំរុញ ដល់ អ្នក ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ បន្តសហការ ក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ នូវវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការ ការណែនាំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី និងរួមគ្នាបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា ។ ជាមួយ គ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន សូមមេត្តាជួយឧបត្ថម្ភគាំទ្រ ដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្ម មនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយ តប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបការលំបាកក្នុង ជីវភាពប្តចាំថ្ងៃ ក្នុងទូទាំងខេត្តកំពង់ចាម ផងដែរ ៕