ឪពុកទ្រាំនឹងទង្វើកូនប្រុសបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះមិនបាន ក៏ប្តឹងដល់ប៉ូលិសឱ្យឃាត់ខ្លួន

 

កណ្តាល ៖ បុរសម្នាក់ដែលមានប្រវត្តិធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿង ញៀនរយៈពេល០៣ខែ បានធ្វើសកម្មភាពអុកឡុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវបានឪពុក របស់ខ្លួនប្តឹងដល់ប៉ូលិសឱ្យចាប់ខ្លួននាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នៅចំណុចផ្ទះរបស់ឈ្មោះ ប៊ន  គឹមអេង  ស្ថិតក្នុង ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ប៊ុន គឹមអេង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាឪពុកបង្កើត។ចំណែកជនសង្ស័យឈ្មោះ អេង វុទ្ធី ហៅអួយ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលត្រូវជាកូនបង្កើត ។ វត្ថុតាងចាប់យក ១.កណ្ដៀវ ចំនួន ០១ដើមផ្លែដែកដងឈើមាន ប្រវែង ៥៦ ស.ម,២. ចំពាមកៅស៊ូ ចំនួន០១,៣. ដុំថ្មប៉ុនម្រាមដៃចំនួន ១១គ្រាប់ និង៤.ស្បោងខ្មៅ ចំណុះ ២គ.ក មានចងខ្សែខ្មៅចំនួន ១។ប៉ូលិសបន្តថា កន្លងមកជនសង្ស័យតែងតែរករឿង សមាជិកក្នុងគ្រួសារជាញឹកញាប់ ដោយពេលខ្លះជនសង្ស័យវាយកម្ទេចសម្ភារៈនៅក្នុងផ្ទះ សម្លុត ជេរប្រមាថ និងគំរាមកំហែង ជនរងគ្រោះទៀតផង ។ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤និង ៣០នាទីល្ងាច ជនសង្ស័យបានត្រឡប់មកពីដើរលេងវិញ ដោយមានស្ពាយថង់ខ្មៅ ផ្ទុកវត្ថុតាងដូចខាងលើរួចបានធ្វើសកម្មភាពយកជំពាមកៅស៊ូដាក់គ្រាប់ដុំថ្មបាញ់ទៅលើផ្ទះជនរងគ្រោះជាច្រើនគ្រាប់ បណ្ដាលឱ្យមានការខូចខាត បែកទ្វារនិងបង្អួចកញ្ចក់មួយចំនួន ។ ប៉ូលិសបន្តទៀតថា ដោយទ្រាំនឹងសកម្មភាពរបស់កូនខ្លួនមិនបាន ជនរងគ្រោះជាឪពុកបានដាក់ ពាក្យបណ្ដឹងមកប៉ុស្តិ៍រដ្ឋបាលទឹកវិលឱ្យជួយអន្តរាគមន៍ ។ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួន បាត់ហើយ ។ លុះមកដល់ថ្ងៃទី២៧ ខែឆ្នាំដដែល វេលាម៉ោង ៦ព្រឹក ជនសង្ស័យបានត្រឡប់ មកចូលក្នុងផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកវិលធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។កន្លងមកជនសង្ស័យ ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមណ្ឌលកែប្រែ ដើម្បីបន្សាបគ្រឿងញៀនរយៈពេល០៣ខែមកហើយ ៕ដៅយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *