ខេត្តបន្ទាយមានជ័យ៖ ចាប់បញ្ជូនពលរដ្ឋថៃលួចឆ្លងដែនខុសច្បាប់០៧នាក់ ប្រគល់អោយសមត្ថកិច្ចថៃ តែថៃមិនទទួលឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ។
សមត្ថកិច្ចបានប្រាប់ថា៖ កម្លាំងចម្រុះក្នុងនោះមានកម្លាំងនគបាលប៉ុស្ដិ៍សង្កែ វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង បានសហការជាមួយកម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាវរៈ ៥១១បានចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។
កម្លាំងចម្រុះបានឲ្យដឹងថា ៖ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់គេបានប្រាប់ថា មកពីខេត្តឈៀងរ៉ាយប្រទេសថៃ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍ហើយ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចចម្រុះបានបញ្ជាក់ថា៖ ពលរដ្ឋថៃទាំង៧នាក់នោះបានប្រាប់ទៀតថា ពួកគេបានទំនាក់ទំនងរកការងារធ្វើតាមហ្វេសប៊ុកហើយគេក៏ប្រាប់ថាមានកាងារធ្វើនៅទីក្រុងប៉ោយប៉ែតប្រទេសកម្ពុជា បន្ទាប់មកពួកគេក៏ឡើងជិះយន្តហោះចេញពីខេត្តឈាងរ៉ាយឆ្ពោះមកខេត្តសម៉ុតប្រាកាន បន្តដំណើរតាមរថយន្តឆ្ពោះមកស្រុកអារញ្ញខេត្តស្រះកែវដើម្បីបន្តដំណើរឆ្ពោះទៅជាយដែនកម្ពុជា-ថៃតាមច្រកលុងក្លឿប្រទេសថៃស្ថិតនៅខាងជើងក្រុងប៉ោយប៉ែតប្រទេកម្ពុជា ក្នុងគោលបំណងមករកការងារធ្វើនៅក្រុងប៉ោយប៉ែត។ ស្ថានភាពនៅក្រុងប៉ោយប៉ែត្រមានការបិទខ្ទប់ដោយសារជម្ងឺកូវីដ១៩ទើបពួកគេក៏គ្មានការងារធ្វើ ហើយក៏វិលត្រឡប់ទៅប្រទេសថៃវិញតាមភូមិសាស្រ្តភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃតាមរថយន្តតាក់ស៊ីចំនួន០២គ្រឿង (មិនស្គាល់ម៉ាក)បើកបរ ដោយជនជាតិខ្មែរចំនួន០២នាក់។
លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា៖ ជនជាតិថៃទាំង០៧នាក់ ស្រី០២នាក់ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានរៀបចំបែបបទបញ្ជូនទៅប្រគល់ឲ្យកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោប៉ែត តាមរយៈនគរបាលអន្តោប្រវេសន៍កម្ពុជានៅច្រកអន្តរជាតិប៉ោយប៉ែត ប៉ុន្តែខាងសមត្ថកិច្ចថៃគេមិនទទួល ។បច្ចុប្បន្នជនជាតិថៃទាំង០៧នាក់ ស្រី០២នាក់ បញ្ជូនមកធ្វើចត្តាឡីស័ក នៅស្រុកម៉ាឡៃ ៕ដោយ សៅ នៅ