កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា នាថ្ងៃចន្ទ ទី២៦ខែមេសាឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ឆាយ ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ឃុំ កន្លែងកើតហេតុខាងលើ មុខរបរ លក់ដូរ។ចំណែកជនសង្ស័យឈ្មោះ យ៉ុន សុផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានជិះកង់មកពីភ្នំពេញ មកដល់ចំណុចកើតហេតុបានចូលទៅ មុខផ្ទះជនរងគ្រោះក៏យកឥដ្ឋការ៉ូរបស់ជនរងគ្រោះដែលដាក់តាំងលក់នៅក្រៅរបងបោកកំទេចចោល អស់ជាច្រើនដុំ និងបោកបង់ថ្មអង្គុយកំទេចចោលមួយទៀត រួចបានយកអំបែងឥដ្ឋការូ គប់ទៅលើជញ្ជាំងផ្ទះនិងផ្លាកយីហោជនរងគ្រោះជាច្រើនទៀតបណ្ដាលឱ្យបាក់បែកខូចខាត។
បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្ដឹងដល់ប៉ូលិសប៉ុស្តិ៍គគីរធំ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍បានចុះទៅ ដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍ដើម្បីសួរនាំ។ ក្រោយពីធ្វើកាសាកសួរួចជនសង្ស័យបានឆ្លើយសារភាពថា«ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ខាងលើពិតមែន»។
បច្ចប្បន្នជនសង្ស័យបានបញ្ចូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន