ព្រោះតែស្រានាំទុក្ខដាក់ខ្លួន ទីបំផុត មន្ត្រីយោធានិងសង្សារ រួមទាំងមិត្តភក្តិ ត្រូវជាប់ពន្ធនាគារ ទាំងអស់

 

កណ្តាលៈ មន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ រួមនិង សង្សារ ព្រមទាំងមិត្តភក្តិ បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយ រួចបើករថយន្តមកបំពាន នៅចំណុចគោលដៅ «បិទខ្ទប់» នាក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១  សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនគោរពវិធានការរដ្ឋបាល» តាមមាត្រា៤ និង មាត្រា១០ នៃច្បាប់ស្តីពីជម្អឺកូវីដ១៩ ។នេះបើតាម លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកណ្តាល ថ្លែងប្រាប់មុននេះបន្តិច ។ គួររំលឹកថា ហេតុការណ៍ នេះ កើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១៖៤០នាទី នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ , ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ និង ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូចិនសែ។ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ ថា នៅពេលដែលកម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ អនុវត្តសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាល នោះ ស្រាប់តែឃើញមនុស្សទាំង៣នាក់ ក្នុងស្ថានភាពស្រវឹង ជិះរថយន្ត មកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ តាមនីតិវិធី តែម្តង ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *