កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់បញ្ជូនមកអាវុធហត្ថចាត់ការតាមនីតិវិធី

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថាមានអ្នកនាំមនុស្សឆ្លងដែនខុសច្បាប់ លោកដឹកនាំកម្លាំងឃ្លាំមើលនិងឃាត់ខ្លួនពានជនសង្ស័យម្នាក់ ឈ្មោះម៉ក់ ឈន់ ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចបង្គោលគីឡូលេខ៣៤ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ឡៃ ខេតបន្ទាយមានជ័យ ។

ដកហូតរថយន្ត០១គ្រឿងម៉ាក TOYOTA CAMARY បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-9578 ក្រោយពីឃាត់ខ្លួនមេខ្យល់ខាងលើ សមត្ថកិ្ចកងទ័ពបានធ្វើការសាកសួរ ទើបមេខ្យល់រូបនេះ បានប្រាប់ថា គេមានបក្សពួកម្នាក់ទៀតឈ្មោះ សួស គីម ដែលត្រៀមបម្រុងដឹកពលករចំនួន១០នាក់ នៅចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត ប.ជ ដោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងតំបន់ប្រតិការសឹករងបានចុះទៅដល់ចំណុចខាងលើ ពេលនោះមេខ្យល់ឈ្មោះសួស គីម បានដឹងខ្លួនហើយបើកទ្វារឡានរត់គេចខ្លួនបាត់ បន្សល់ទុកតែឡាន និងពលករដែលជិះក្នុងនោះចំនួន១០នាក់ ក្នុងនោះ មានកុមារចំនួន០៤នាក់ផងដែរ។ រថយន្តដែលមេខ្យល់ឈ្មោះ សួស គីម រត់ចោលនោះម៉ាកTOYOTA CAMERY ផលិតឆ្នាំ១៩៩៦ ចង្កូតឆ្វេង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2F-5767។ ជនសង្ស័យ និងពលករព្រមទាំងរថយន្តត្រូវបានប្រគល់ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី២៤.០៤.២០២១។

នៅមុខសមត្ថកិច្ចអាវុធហត្ថ មេខ្យល់ឈ្មោះម៉ក់ ឈន់ ក្រោយពីសួរបានឆ្លើយសារភាពថា រូបគេគ្រាន់តែជាអ្នកមើលផ្លូវឱ្យឈ្មោះ សួស គីម តែប៉ុណ្ណោះ ដោយឈ្មោះ សួស គីម ឱ្យថ្លៃស្នួល១លើកចំនួន១០ម៉ឺន ទៅ១២ម៉ឺនរៀល ហើយឈ្មោះ សួស គីម នេះពិតជាបានរកស៊ីដឹកជញ្ជូនពលករចេញទៅប្រទេសថៃជាញឹកញាប់ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៥.មេសា.២០២១នេះ ចំណែកជនរងគ្រោះចំនួន១០ ក្នុងនោះកុមារចំនួន០៤នាក់ផងនោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២(QC2)ថ្នាក់ខេត្ត(កងវ៉ា) ក្នុងក្រុងសិរីសោភ័ណ ចំពោះមេខ្យល់ឈ្មោះសួស គីម សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *