ខេត្តប៉ៃលិន ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេច លេខ៥៣ សសរ ចុះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការបញ្ចប់ការហាមឃាត់ ការធ្វើដំ ណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ទើបនៅថ្ងៃដដែលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់នូវបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ចក្រោមឱវាទ ធ្វើការបើកព្រំប្រទល់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ទាំង៩គោលដៅឡើងវិញ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមកដូចធម្មតា ។ តែត្រូវឱ្យយកយន្តការគ្រប់គ្រងនៅតាមមូលដ្ឋាន ដើម្បីងាយស្រួលគ្រប់គ្រងអ្នកចំណូលថ្មី ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាឧបករណ៍ស្ទង់កំដៅ និងប្រដាប់ដាក់ទឹកអាល់កុលយកមកប្រើប្រាស់នៅក្នុងមូលដ្ឋានវិញ ។
នៅក្នុងការដាក់បទបញ្ជាឱ្យកងកម្លាំងដកថយមកអនុវត្តក្នុងមូលដ្ឋាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ៖ «នាងខ្ញុំសូមជម្រាបជូនដល់មេបញ្ជាការ មេបញ្ជាការរង លោកអភិបាល ក្រុង/ស្រុក ប្រធានមន្ទីរ ក៏សូមជម្រាបជូនដល់កងកម្លាំងនៅតាមគោលដៅខេត្តប៉ៃលិន-បាត់ដំបង ទាំងអស់ ដែលកំពុងឈរជើងទាំង០៩គោលដៅ សូមដាក់បទបញ្ជាឱ្យដកគោលដៅថយមកក្រោ យវិញ ។ បញ្ចប់ការត្រួតពិនិត្យការឆ្លងខេត្ត ចាប់ពីម៉ោងនេះ ហើយក៏សូមងាកមកអនុវត្ត គ្រប់គ្រងការងារនៅតាមមូលដ្ឋានវិញ បានន័យថា យើងយកយន្តការ ការគ្រប់គ្រងនៅមូលដ្ឋាន ដើម្បីគ្រប់គ្រងអ្នកចំណូលថ្មី និងការពារទប់ស្កាត់នូវមេរោគកូវីដ-១៩ ។ អញ្ចឹង យើងត្រូវតែគោរពអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលលោកបានចេញនូវការណែនាំជាផ្លូវការហើយ» ។
សូមបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ រកឃើញអ្នកឆ្លងថ្មីចំនួន៦១៦នាក់ទៀត (សហគមន៍ទាំង៦១៦នាក់) និងជាសះស្បើយ១៩០នាក់ ក្នុងនោះភ្នំពេញ៥៤៦នាក់ ខេត្តកណ្តាល២៤នាក់ ព្រះសីហនុ២០នាក់ ព្រៃវែង០៨នាក់ តាកែវ០៧នាក់ មណ្ឌលគីរី០២នាក់ ស្វាយរៀង០២នាក់ កំពង់ឆ្នាំង០២នាក់ កំពង់ធំ០២នាក់ កោះកុង០២នាក់ និងកំពង់ស្ពឺ០១នាក់ ។ អ្នកឆ្លងសរុបចំនួន៩៩៧៥នាក់ អ្នកជាសះស្បើយសរុបចំនួន៣៤០០នាក់ អ្នកកំពុងព្យាបាលសរុបចំនួន៦៤៩៥នាក់ និងអ្នកស្លាប់សរុបចំនួន៧៤នាក់ ៕ ដោយ ៖ នីយ៉ា