ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញខេត្ត ជាច្រើន ដូចជា ៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង កណ្តាល កំពង់ធំ កំពង់ឆ្នាំង និងខេត្តផ្សេងៗ ជាច្រើន ព្រមទាំងរាជធានីភ្នំពេញ កំពុងផ្ទុះការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញបទបញ្ជាឱ្យអាជ្ញាធរក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ដឹកនាំកម្លាំងសមត្ថកិច្ច ចុះហាមឃាត់ប្រជាពលរដ្ឋ ដែលមិនពាក់ម៉ាស មិនអនុញ្ញាតឱ្យចូលផ្សារទិញម្ហូបអាហារឡើយ ។ រីឯអាជីវករលក់ដូរក្នុងផ្សារ បើមិនពាក់ម៉ាស នៅពេលលក់ដូរ ក៏មិនអាចអនុញ្ញា តឱ្យលក់ក្នុងផ្សារបានដែរ ដោយត្រូវសរសេរស្លាកជាអក្សរធំៗ «មិនពាក់ម៉ាស មិនឱ្យចូលផ្សារ មិនពាក់ម៉ាសមិនឱ្យលក់ដូរ» ។
ក្នុងកិច្ចការ ចុះប្រតិបត្តិការណែនាំដល់ប្រជាពលរដ្ឋ ដែលមិនពាក់ម៉ាស មិនឱ្យចូលផ្សារសាមគ្គី ហៅផ្សារត្រី ឬផ្សារផ្សេងៗទៀត ដើម្បីទិញម្ហូបអាហារនេះ លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងឱ្យដឹងថា ៖ ក្រោយទទួលបាននូវបទបញ្ជាពីថ្នាក់លើ ជាពិសេសលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ខាងលោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះធ្វើណែនាំប្រជាពលរដ្ឋ ដែលមិនមានការពាក់ម៉ាស ទោះបីក្មេង ចាស់ ប្រុស ស្រី មិនអនុញ្ញាតឱ្យចូលក្នុងផ្សារទិញម្ហូបអាហារបានឡើយ ។ លោកបន្តទៀតថា បើមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងតឹងរឹងទេ អាចនឹងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន ហើយពេលនោះ បើសិនជាមានជនណា ឆ្លងជំងឺនេះតែម្នាក់ ក៏អាចនឹងមានការបិទផ្សារផងដែរ ។ លោកក៏បានណែនាំអំពីវិធាន ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃនឹងទឹកអាល់កុល ឬជែល ឱ្យបានញឹកញាប់ ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ លើសពីនេះ នៅខេត្តជាច្រើនក្នុងប្រទេសកម្ពុជា កំពុងតែមានការឆ្លងជំ ងឺកូវីដ១៩នេះ ពីមនុស្សម្នាក់ទៅម្នាក់យ៉ាងឆាប់រហ័ស និងមានអ្នកស្លាប់កាន់តែច្រើនឡើងៗ គួរឱ្យ ព្រួយបារម្ភយ៉ាងខ្លាំង ទើបមានការចុះណែនាំ ដល់ប្រជាពលរដ្ឋបែបនេះ ។
សូមបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ គេរកឃើញអ្នកឆ្លងថ្មីចំនួន៥១១នាក់ទៀត ជាសះស្បើយចំនួន៦២នាក់ ករណីឆ្លងសហគមន៍ ៥០៩នាក់ អ្នកដំណើរពីបរទេស០២នាក់ ក្នុងនោះ ភ្នំពេញ៣១៨នាក់ ព្រះសីហនុ ១២៦នាក់ ខេត្តកណ្តាល៤៤នាក់ កំពង់ចាម០៥នាក់ បន្ទាយមានជ័យ០៤នាក់ កំពង់ឆ្នាំង០៤នាក់ កំពង់ធំ០២នាក់ ស្វាយរៀង០២នាក់ ត្បូងឃ្មុំ០២នាក់ តាកែវ០២នាក់ ។ គិតត្រឹមថ្ងៃដដែល អ្នកឆ្លងសរុបចំនួន៩៣៥៩នាក់ អ្នកជាសះស្បើយចំនួន៣២១០នាក់ កំពុងព្យាបាលចំនួន៦០៧២នាក់ និងស្លាប់ចំនួន៧១នាក់ ៕ ដោយ ៖ នីយ៉ា