គេឯងកំពុងតែខ្លាចផងបែរជាមកកុហកសមត្ថកិច្ចទៅវិញផាកពិន័យបុរសម្នាក់ ២លានរៀល ដោយសារល្មើសនឹងបំរាមឆ្លងខេត្តនៅគោលដៅប្រចាំការក្រោលគោស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១អាជ្ញាធរខេត្តស្វាយរៀង បានធ្វើការផាកពិន័យអន្តរការណ៍លើបុរសម្នាក់ចំនួន ២លានរៀល ដោយសារល្មើសនឹងបំរាមឆ្លងខេត្ត ។

បុគ្គលឈ្មោះ គង់ ឡុង អាយុ ២៧ឆ្នាំ រស់នៅភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង បានល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

បើតាមឯកឧត្តម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ឲ្យដឹងថា៖បុគ្គលឈ្មោះ គង់ ឡុង គោលបំណងចង់ទៅរាជធានីភ្នំពេញដោយបានធ្វើដំណើរចេញពីក្រុងបាវិតឆ្ពោះទៅទិសខាងលិចលុះមកដល់ចំណុចគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងសមត្ថកិច្ចយើងបានសួរនាំហើយបុរសឈ្មោះ គង់ ឡុង បានសុំសមត្ថកិច្ចថាទៅដឹកប្រពន្ធពោះធំនៅព្រះឈរស្ថិតក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែងដែលព្រំប្រទល់ជាប់រវាងខេត្តស្វាយរៀងនិងខេត្តព្រៃវែងហើយសន្យាថានិងវិលមកវិញ។

ប្រភពបានបន្តទៀតថា៖ក្រោយពីទៅទទួលប្រពន្ធពោះធំរួចមកឈ្មោះគង់ឡុងមិនបានវិលមកវិញចូលខេត្តស្វាយរៀងនោះទេបែរជាបន្តដំណើរឆ្ពោះទៅទិសលិចបន្តទៀតដល់អ្នកលឿងដោយសមត្ថកិច្ចស្វាយរៀងយើងសហការជាមួយសមត្តកិច្ចខេត្តព្រៃវែងបាននាំបុរសឈ្មោះ គង់ ឡុង មកគោលដៅប្រចាំផ្លូវជាតិលេខ១ឃុំក្រោលគោវិញដើម្បីធ្វើការផាកពិន័យអន្តការណ៍ដោយទុករយៈពេល៣០ថ្ងៃឲ្យចូលបង់លុយពិន័យនៅច្រកចេញចូលតែមួយ។

ហើយតម្រូវឲ្យបុគ្គលឈ្មោះ គង់ ឡុង ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃដើម្បីតាមដានសុខភាពគាត់ពីព្រោះដល់អ្នកលឿងមិនដឹងថាបានប៉ះពាល់ជាមួយមនុស្សប៉ុន្មាននាក់នោះទេហើយដើម្បីសុវត្ថិភាពទាំងអស់គ្នានិងធ្វើតាមបច្ឆេកទេសរបស់ក្រសួងសុខាភិបាល។

នៅថ្ងៃដដែលនោះផងដែរឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តនិងធ្វើផាកពិន័យអន្តការណ៍ចំពោះបុគ្គលឈ្មោះ គង់ ឡុង មិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាតការធ្វើដំណើររវាងខេត្ត និង ខេត្ត នៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលធ្វើដំណើរពីក្រុងនិងបានពិន័យបុរសខាងលើ ចំនួន ២លានរៀល។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រា១០ មានចែងពី «បទមិនគោរពវិធានការរដ្ឋបាល» ដោយកំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។

បើតាមមាត្រាដដែល, ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕ដោយ សាយ ហ្គន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *