ខេត្តកំពង់ធំ រកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ថ្មីទៀត

កំពង់ធំ៖  នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីទៀត នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ រស់នៅភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទី១៖ ឈ្មោះ ហង្ស ធូន ភេទស្រី អាយុ៦៤ឆ្នាំ និងទី២៖ ឈ្មោះ ឈិន ស៊ីណា ភេទស្រី អាយុ២៩ឆ្នាំ។

សូមបញ្ជាក់ថា បុគ្គលទាំងពីរនាក់ខាងលើបានចូលរួមជាមួយមនុស្ស៥នាក់ទៀត ដឹកសពឈ្មោះ សោម សាន ដែលបានស្លាប់ដោយសារជំងឺលើសឈាម ពីមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) មកភូមិតាំងស្ទោង ដើម្បីធ្វើបុណ្យ។ មុននឹងចេញពីមន្ទីរពេទ្យ មនុស្សទាំង៧នាក់នេះ និងសព ត្រូវបានក្រុមគ្រូពេទ្យនៅទីនោះយកសំណាកពិនិត្យរកជំងឺកូវីដ១៩ និងបញ្ជាក់ថា អវិជ្ជមាន ទើបអនុញ្ញាតឲ្យធ្វើដំណើរទៅខេត្តកំពង់ធំ។

ពេលមកដល់ភូមិតាំងស្ទោង អាជ្ញាធរបានដាក់អ្នកដែលរួមដំណើរដឹកសពទាំងអស់ឲ្យធ្វើចត្ដាឡីស័ក នៅផ្ទះភ្លាមៗ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបុគ្គលទាំង៧នាក់ ខាងលើ ទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ទទួលលទ្ធផលវិជ្ជមាន ចំនួន២នាក់។

រដ្ឋបាលខេត្តកំពង់ធំ ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធទាក់ទងមកអាជ្ញាធរដើម្បីយកសំណាក និងធ្វើតេស្ដរកជំងឺកូវីដ១៩ ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងការរីករាលដាលកាន់តែខ្លាំង ទៅក្នុងសហគមន៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *