ខេត្តបន្ទាយមានជ័យ៖ ឃើញជនរងគ្រោះអង្គុយលេងនៅក្នុងទីធ្លាសាសារៀន ជនសង្ស័យឃើញ ឱកាសស្ងាត់នាំបក្ខពួកខ្លួនជិះម៉ូតូទៅកាប់រងរបួសធ្ងន់ ព្រោះតែរឿងគំនុំ ត្រូវបានកម្លាំងអាវុធហត្ថក្រុង ប៉ោយប៉ែត ស្រាវជា្រវតាមចាប់កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២១។
លោកវរសេនីយ៍ឯក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានអ្នកកាប់ខ្លួនឲ្យរងរបួស ជើងខាងឆ្វេងចំនួន២កន្លែង និងកំភួនដៃខាងឆ្វេង០១កន្លែង កាលពីថ្ងៃទី២២.០៤.២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចសាលាបឋមសិក្សាប្រជាធម្ម ក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបញ្ជាក់ថា នៅថ្ងៃដដែលនោះកម្លាំងកងរាជអាវុធហត្ថបានចុះស្រាវជ្រាវ រុករកឃាត់ខ្លួនបានជន សង្ស័យចំនួនពីរនាក់ ជនសង្ស័យ ១.ឈ្មោះធឿន សុខដាវីត ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកទាញកាំបិទកាប់ជនរងគ្រោះ)រស់នៅភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២.ឈ្មោះ ឆៃ ភារ: ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ និងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ កាំបិទមួយដើម ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះណាក់ ជាអ្នកបើកម៉ូតូចុះរត់គេចខ្លួន។លោក នួន នីណារ៉ូ បញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យឈ្មោះធឿន សុខដាវីត បានសារភាពថាខ្លួនពិតជា បានយក កាំបិទកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែធ្លាប់មានជំលោះ និងជនរងគ្រោះ៕ (សៅនៅ)