សមត្ថកិច្ចចឃាត់ខ្លួនយោធាថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ជាមេក្លោងនិងបក្សពួក៦នាក់ពីបទនាំជនជាតិចិន២៨នាក់ពីក្រុងបាវិតឆ្ពោះទៅរាជធានីភ្នំពេញ

ខេត្តស្វាយរៀង៖មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោម្នាក់និងបក្សពួក០៦នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងចាប់ខ្លួនពីបទបំពានបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការបិតខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញមិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញទៅខេត្តទូទាំងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ក៏ប៉ុន្តែលោកផ្កាយ២និងបក្សពួកហ៊ានប្រឆាំងបទបញ្ជាលួចដឹកជនជាតិចិនចំនួន២៨នាក់ពីក្រុងបាវិតខេត្តស្វាយរៀងទៅរាជធានីភ្នំពេញប្រឆាំងបញ្ជារបស់សម្តេចតេជោ ដោយខុសច្បាប់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺថ្ងៃទី២២មេសា២០២១នៅខាងមុខសណ្ឋាគារTTP1 ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត។ប្រភពបន្តថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿងនៅខាមុខសណ្ឋាគារTTP1 ក្រុងបាវិតនិងកំពុងនាំជនជាតិចិនឡើងចូលក្នុងរថយន្តក៏ឃាត់សាកសួរទើបបែកធ្លាយរឿងរត់ពន្ធដឹកចិនទៅរាជធានីភ្នំពេញទើបចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីរសាកសួររួចជនជាតិចិនទាំង២៨នាក់ត្រូវឲ្យធ្វើចត្តាឡីសក័នៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិនរង់ចាំយកសំណាកពិនិត្យចេញលទ្ធផលទើបរកទីតាំងដាក់ជាក្រោយ។

ប្រភពបន្តទៀតថា ជនជាមេខ្លោងឈ្មោះស៊ុ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ ទី២,ឈ្មោះស៊ូ សុភា ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន (ពីរស្រុកស្វាយជ្រំ ពីស្រុករមាសហែកមកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារTTP1 ក្រុងបាវិត រួចឲ្យក្រុមលោកផ្កាយ២ដឹកពីក្រុងបាវិតខេត្តស្វាយរៀងទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញមកក្រុងបាវិតខេត្តស្វាយរៀង។

ហើយនេះគឺជាលើកទី៣ហើយក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តងចំណែក៥នាក់ផ្សេងទៀតគឺមិនមែនជាមន្ត្រីយោធាទេពួកគេគឺលោកផ្កាយ២ឲ្យក្លែងភេទជាមន្ត្រីយោធា មានឋានន្តរសក្ត័ជួលឲ្យបើករថយន្តប៉ុណ្ណោះនេះបើតាមចម្លើយសារភាពអ្នកទាំង៥នាក់។

ក្រោយពីសាកសួរអស់រយៈពេល១ថ្ងៃវេលាម៉ោង៦និង១០នាទីល្ងាចជនសង្ស័យទាំង០៧នាក់ត្រូវបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តស្វាយរៀងដើម្បីកងសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វារៀងចាត់ការតាមនីតិវិធី។

ប្រភពបានឲ្យដឹងថាក្រុមជនសង្ស័យនេះធ្លាប់ធ្វើសកម្មភាព០៣លើកមកហើយនេះគឺជាលើកទី៣ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ករណីនេះគឺជនសង្ស័យដឹកជនជាតិចិន២៨នាក់នេះ ពីសណ្ឋាគារTTP1 ក្រុងបាវិតទៅប្រលានយន្តហោះដើម្បីចេញទៅក្រៅប្រទេស។ សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ជនឈ្មោះស៊ុពៅ ប្រើប្រាសើរថយន្តម៉ាកLEXUS 570 KURO ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BL-8896 ចំណែកមេខ្យល់ឈ្មោះស៊ូ សុភា បើកបររថយន្តម៉ាកតូយ៉ូតា ហាយហ្រីតពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2N-4801និង៤នាក់ទៀត២នាក់ប្រើរថយន្តហែមមឺសារ៉ែន ស្លាកលេខខេមរភូមិន្ទ2-9170 និង២នាក់ទៀតប្រើរថយន្តពាក់ស្លាកលេខភ្នំពេញ2BK-0821។

ក្នុងករណីខាងលើនេះលោកនាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ។ចំណាត់ការរបស់អគ្គបញ្ជាការកងទ័ពគឺអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធាប្រព្រឹត្តិបទល្មើសក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ នៅតាមរាជធានី-ខេត្តខាងលើនេះ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុ ពៅ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ និងបក្សពួកធ្វើសកម្មភាពដឹកជនជាតិចិន២៨នាក់ចេញពី សណ្ឋាគារក្រុងបាវិតបម្រុងទៅរាជធានីភ្នំពេញ។

យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញ សង្គមបានបញ្ជាក់ថាករណីនេះនាយឧត្តមសេនីយ៍នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *