អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី ឲ្យក្តាប់មុខសញ្ញាដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល

កំពង់ចាម :  ឯកឧត្តម អ៊ុន  ចាន់ដា អភិបាលខេត្តកំពង់ចាម  បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ   ឲ្យ  ក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់  ជាមួយ អ្នក វិជ្ជមាន កូវីដ -១៩ ដើម្បី ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុង នោះ អាជ្ញាធរ  រួមនឹង មន្ត្រី ពាក់ព័ន្ធ  ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ  ដែលមានជីវភាពខ្វះខាត  ឲ្យ បានទាន់ពេលវេលា ផងដែរ ។ ការ ជំរុញ យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នក វិជ្ជមាន កូវីដ-១៩ នាព្រឹក ថ្ងៃ ទី ២២  ខែមេសា  ឆ្នាំ ២០២១  នៅ សាលា ស្រុក ស្រីសន្ធរ  ។

ថ្លែង ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម  បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នក វិជ្ជមាន កូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង មកធ្វើការ នៅរោងចក្រ  ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នោះ  ឯកឧត្តម បានចាត់ឲ្យរដ្ឋបាលស្រុក  សហការជាមួយមន្ទីរសុខាភិបាល នាំយកកម្មករ កម្មរិនី  ដែលពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ រស់នៅក្នុងស្រុកស្រីសន្ធរ ចំនួន៩នាក់ ឲ្យ មកយកសំណាកទៅពិនិត្យ និងនាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក  របស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ផងដែរ  ។

ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បានណែនាំដល់ អាជ្ញាធរ  ពាក់ព័ន្ធ  ត្រូវ បន្តពង្រីកការអនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដោយត្រូវរង់ចាំលទ្ធផលសំណាក  អ្នកដែលពាក់ព័ន្ធ នៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១  ។  ក្នុង នោះ មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ស្រាវជ្រាវ និងនាំយកអ្នកពាក់ព័ន្ធនឹងអ្នកសង្ស័យដោយផ្ទាល់ ឬដោយប្រយោលឲ្យធ្វើចត្តាឡីស័ក ជា បន្ទាន់ ។ ជាពិសេស ត្រូវណែនាំដល់គណៈអាជីវករ ក៏ដូចជា អាជីវករ  នៅតាមផ្សារនានា  ត្រូវរៀបចំជាប្រដាប់វាស់កំដៅ អាកុលលាងដៃ និងពាក់ម៉ាស  ឲ្យ បានជាប់ជាប្រចាំ ។ គួរបញ្ជាក់ថា  នៅស្រុកស្រីសន្ធរ រកឃើញករណីកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន០៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្នុង នោះរដ្ឋបាលស្រុក បានរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ចំនួន០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កចំនួន៦០នាក់ ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *