ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ រស់នៅចំណុចអូរតាលី ក្នុងភូមិក្ងោក ឃុំស្ទឹងកា ច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំគ្នារអ៊ូរទាំនឹងក្លិនទឹកស្អុយដំឡូងមី ដែលគេបង្ហូរចេញពីស្តង់មួយកន្លែង ចូលក្នុងប្រឡាយក្បែរមាត់ផ្លូវ ធ្វើឱ្យក្លិនស្អុយជះចូលផ្ទះពួកគាត់ បណ្តាលឱ្យមនុស្សក្មេងចាស់ ទៅជាកើតជំងឺផ្តាសាយ រលាកបំពង់ក. អ្នកខ្លះឈឺក្បាលវិលមុខ កើតអាការក្អួតចង្អោរពុលក្លិន អស់រយ:ពេលជាយូរមកហើយ អត់ឃើញខាងម្ចាស់ស្តង់រៀបចំឱ្យត្រឹមត្រូវតាមស្តង់ដារនោះទេ ទើបទ្រាំមិនបាន ក៏ប្តឹងឱ្យខាងមន្រ្តីជំនាញបរិស្ថាន ចុះទៅពិនិត្យ និង ណែនាំឱ្យម្ចាស់ស្តង់ឱ្យរៀបចំកន្លែងស្តុកទឹកស្អុយដំឡូងមី និង បង្ហូរចូលស្រះខាងក្រោយស្តង់របស់ខ្លួន ឱ្យបានត្រឹមត្រូវតាមលក្ខណ:ស្តង់ដារ មិនបង្កផលប៉ះពាល់ដល់បរិស្ថានថែមទៀត ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះ តាត សារឿម ភេទស្រី អាយុ៥០ឆ្នាំ ឈ្មោះ ថុន សឺម ភេទប្រុស អាយុ៦០ឆ្នាំ និង ឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣៩ឆ្នាំ ក្នុងចំណោមប្រជាពលរដ្ឋជាង ២០គ្រួសារ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងដូចៗ គ្នាថា ៖ ពួកគាត់ពិតជាបានទទួលរងនូវផលប៉ះពាល់ ដោយសារស្តង់ដំឡូងមីមួយ ដែលម្ចាស់ មានឈ្មោះ ចែផា ភេទស្រី អស់រយ:ពេលជិត១០ឆ្នាំមកហើយ គឺកំទេចធូលីដំឡូងមីហុយចូលផ្ទះ លំបាកក្នុងការដកដង្ហើម ។ រីឯទឹកស្អុយដំឡូងមី ដែលហូរចូលក្នុងប្រឡាយជាប់នឹងផ្លូវថ្នល់ក្បែរផ្ទះរបស់ពួកគាត់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមយ៉ាងខ្លាំង ជាពិសេសដល់ពេលរដូវប្រមូលផលដំឡូងមីម្តងៗ ខណ:ពេលដែលម្ចាស់កាប់ចិញ្ច្រាំមើមដំឡូងមី ដាក់ហាល លុះកើបប្រមូលម្តងៗ ពេលខ្យល់បក់បោកមក បណ្តាលឱ្យហុយទ្រលោម ចូលក្នុងផ្ទះពួកគាត់ ពិបាកក្នុងការរស់នៅ ក៏ដូចជាហូបអាហារ ជាដើម ។ ពួកគាត់បន្តទៀតថា លុះដល់ពេលរដូវភ្លៀងធ្លាក់មក ធ្វើឱ្យល្អងធូលីដំឡូងមីខាងលើ ក្លាយទៅជាស្អុយរលួយ ហូរចូលក្នុងប្រឡាយ អូរ លុះពេលសត្វមាន់ ទា ជ្រូក គោ ផឹកទឹកស្អុយនេះ បណ្តាលឱ្យងាប់អស់មួយចំនួន ។ ចំណែកឯត្រី តូចធំ ដែលរស់នៅក្នុងទឹក អូរ ស្ទឹង ក៏រងនូវការពុលងាប់ ពេលទឹកស្អុយដំឡូងមីនេះ ហូរចូលផងដែរ ។
ពួកគាត់បន្តទៀតថា កាលពីមុនធ្លាប់ឃើញខាងមន្រ្តីជំនាញបរិស្ថាន និង អាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យជារឿយៗដែរ តែការហុយ និង ទឹកស្អុយដំឡូងមី នៅតែប៉ះពាល់ដល់បរិស្ថានក្នុងភូមិរបស់ខ្លួនដដែល ហាក់ដូចជាគ្មានដំណោះស្រាយអ្វីទាំងអស់ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ក្រោយពីទទួលបានដំណឹងនេះ ខាងលោកបានចាត់មន្រ្តីជំនាញ ឱ្យចុះទៅត្រួតពិនិត្យ ដើម្បីណែនាំ ម្ចាស់ស្តង់ដំឡូងមីខាងលើ ធ្វើយ៉ាងណា ឈប់បង្ហូរទឹកស្អុយ ចូលទៅក្នុងប្រឡាយ ឬអូរបន្តទៀត គឺត្រូវឱ្យគាត់ជីកស្រះ សម្រាប់ស្តុកទឹកស្អុយនៅខាងក្រោយស្តង់របស់ខ្លួន និងត្រូវរៀបចំដាក់ស្បៃមុង ឬធ្វើរបងបាំង ដើម្បីកុំឱ្យហុយចូលទៅផ្ទះប្រជាពលរដ្ឋខាងលើ ។ លោកបន្តទៀតថា ម្ចាស់ស្តង់ខាងលើប្រាប់ថា គាត់ហាលដំឡូងមីតែបន្តិចទៀត គឺដល់រដូវអស់ដំឡូងមីដែលកាប់ចិញ្ច្រាំហើយ ក៏នឹងឈប់បន្តធ្វើបែបនេះទៀត ។ តែបើណែនាំហើយ ម្ចាស់មិនព្រមស្តាប់តាម ខាងលោកនឹងហៅមកធ្វើកិច្ចសន្យាម្តងទៅ២ដង រួចនឹងធ្វើតាមផ្លូវច្បាប់ ៕ ដោយ ៖ នីយ៉ា