ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញទទួលយកអំណោយពីលោក ឡូ អ៊ុយឡុង អ្នកវិនិយោគផ្សារ អន្តរជាតិបាវិត ដែលបានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដើម្បីប្រើ ប្រាស់ក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ អំណោយទាំងនោះរួមមាន៖ ម៉ាស ២កេស ស្មេីនឹង៥០០០ម៉ាស់, អាល់កុល ០៣កាន, អង្ករ១០បាវ ក្នុង១បាវ៥០គីឡូក្រាម , មី២កេសធំ , ទឹកសុទ្ធវីតាល់៥០កេស សរុបជាថវិការចំនួន១០០០ដុល្លា។ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តមានប្រសាសន៍ ថ្លែងនូវការអរគុណដល់លោក ឡូ អ៊ុយឡុង ដែលបានចូលរួមបរិច្ចាគនូវអំណោយ ជាសម្ភារៈសម្រាប់គាំទ្រដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចាត់ចែងក្នុងការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទាំងនេះ ជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ក្នុងសង្គម ទៅលើការជួយគ្នាក្នុងបរិបទនៃជំងឺកូវីដនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា អំណោយដែលបានផ្ដល់ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យចំទិសដៅ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕