គ្រួសារទើបនឹងសម្រាលកូនខ្ចី រស់ក្នុងជីវភាពខ្វះខាត ក្រោយទទួលស្បៀងពីអាជ្ញាធរខេត្ត ត្រេកអរស្ទើរស្រក់ទឹកភ្នែក

ខេត្តប៉ៃលិន ៖ ស្វាមីភរិយាវ័យក្មេង១គូ ទើបនឹងសម្រាលកូនខ្ចី បានជិត១ខែ ដែលរស់នៅក្នុងជីវភាព ក្រីក្រខ្វះខាត រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំគ្នា ត្រេកអរយ៉ាងខ្លាំង ស្ទើរស្រក់ទឹកភ្នែក ដោយលើកដៃសំពះថ្លែងអំណរគុណដល់ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដែលបានដឹកនាំក្រុមការងារ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចុះសួរសុខទុក្ខ និង យកស្បៀងសង្គ្រោះផ្តល់ជូនពួកគេ ខណ:ពេលកំពុងជួបប្រទះ នឹងបញ្ហាជីវភាពខ្វះខាត ។

គ្រួសារក្រីក្រ ដែលសប្បាយចិត្តខ្លាំង ស្ទើរស្រក់ទឹកភ្នែកពេលអាជ្ញាធរខេត្ត ចុះយកស្បៀងប្រគល់ជូន៖ ប្តីមានឈ្មោះ ឈឿន បុរី អាយុ២៤ឆ្នាំ ជាអ្នកស៊ីឈ្នួលបើកបររថយន្ត ប្រពន្ធ ឈ្មោះ សៅ ស្តើង អាយុ២២ឆ្នាំ មានកូនស្រី២នាក់ ក្នុងបន្ទុក ដោយកូនទី២ ទើបនឹងសម្រាលបានរយ:ពេលជិត១ខែ មានស្រុកកំណើតរស់នៅខេត្តបាត់ដំបង ដោយចូលមករស់នៅក្នុងខេត្តប៉ៃលិន អស់រយ:ពេលជិត៦ខែ ហើយ ។ ស្រ្តីឈ្មោះ សៅ ស្តើង ដែលទើបនឹងសម្រាលកូន បានរយ:ពេលជិត១ខែ និយាយរៀបរាប់ ទាំងសម្លេងក្តុកក្តុលអួលដើមក.ឱ្យដឹងថា ៖ ពីមុនប្តីរបស់គាត់ជាអ្នកស៊ីឈ្នួលបើករថយន្តឱ្យថៅកែម្នា ក់ ដើម្បីបានថវិកាសម្រាប់ចិញ្ចឹមប្រពន្ធកូន ។ ប៉ុន្តែ មួយរយ:ពេលចុងក្រោយនេះ ដោយសារជំងឺកូវីដ ១៩ វាយលុកខ្លាំង មិនអាចចេញចូលទៅណាបាន ប្តីរបស់នាង ក៏សម្រាកនៅផ្ទះតូចលេចធ្លាយដ៏កំសត់ មួយនេះ និងដើររកស៊ីឈ្នួលដាំពោត និង ដាំដំឡូងមីឱ្យអ្នកភូមិ ដើម្បីបានថវិកាតិចតួចយកមក ទិញអង្ករ និងម្ហូបទទួលទានជួបជុំក្រុមគ្រួសារយ៉ាងត្រដាបត្រដួស ។ គាត់បន្តទៀតថា ស្ថានភាព មួយរយ:ពេលចុងក្រោយនេះ ដោយគាត់អត់មានការងារអ្វីធ្វើនោះទេ ហើយក៏អត់មានលុយ សម្រាប់ទិញម្ហូបអាហារទទួលទានជួបជុំក្រុមគ្រួសារដែរ ពោលគឺ រកបានព្រឹក ខ្វះល្ងាចតែម្តង ។

តែពួកគេពិតជាត្រេកអរខ្លាំងណាស់ ដោយនៅនេះ ពួកគាត់ហាក់ដូចជាមានជីវិតថ្មីឡើងវិញ ដោយឃើញអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារយកស្បៀងអាហារ ទៅជូនដល់ផ្ទះ ខណ:ដែលកំពុងតែខ្វះខាត ហើយក៏ធ្វើឱ្យមានការរំភើបរីករាយក្នុងចិត្តយ៉ាងខ្លាំង យកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ។ លើសពីនេះ ពួកគេក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្តប៉ៃ លិន ដែលបានយកចិត្តទុកដាក់ចំពោះពួកគេ ហើយក៏សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធក្នុងលោក ឱ្យជូនពរដល់ក្រុមការងារ ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងអាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ ។ សូមបញ្ជាក់ថា ៖ ស្បៀងដែលអាជ្ញាធរខេត្ត ផ្តល់ជូនគ្រួសារក្រីក្រខ្វះខាតខាងលើមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ពងមាន់១ជុង ត្រីខ១ឡូតិ៍ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១គីឡូក្រាម  ប្រេងឆា១ដប  និងថវិកា១០ម៉ឺនរៀលផងដែរ ៕ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *