សៀមរាបៈ យោងតាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក ផេក » ផ្ទាល់ខ្លួនរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា លទ្ធផលធ្វើតេស្តលើសំណាក របស់ក្រុមគ្រួសារអ្នកលក់នំបញ្ចុកក្នុងភូមិព្រះដាក់ទាំង៨នាក់ គឺ”អវិជ្ជមាន”ទាំងអស់ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅឲ្យពួកគាត់ធ្វើចត្តាឡីស័កបន្តទៀត ហើយត្រូវយកសំណាក់ និងរង់ចាំលទ្ធផលជាលើកទី២មួយទៀត ទើបអាចធានាសុវត្ថិភាពបាន ទាំងស្រុង”។មូលហេតុដែលនាំឲ្យមានការយកសំណាកពីអ្នកលក់នំបញ្ចុកនេះ ដោយសារកាលពីថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនោះ មានបុរសជាអ្នកបើកបររថយន្ត ដឹកភ្ញៀវ ដែលត្រូវបាន ក្រុមគ្រូពេទ្យខេត្តសៀមរាបប្រកាសរកឃើញថា គាត់មានវិជ្ជមានមេរោគ កូវីដ១៩ ហើយធ្លាប់ទៅទទួលទាននំបញ្ចុកនៅភូមិព្រះដាក់ និងទៅទីកន្លែងមួយចំនួនទៀត ដូចជាហាងកាហ្វេលឹង្គ១០០០នៅក្រុងសៀមរាបជាដើម ។បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបិទផ្ទះលក់នំបញ្ចុកនៅក្នុងភូមិព្រះដាក់ចំនួន២ និងបានយកសំណាកពីសមាជិកគ្រួសារលក់នំបញ្ចុកចំនួន៨នាក់ទៅធ្វើតេស្ត ដែលលទ្ធផលលើកទី១ គឺអវិជ្ជមាន។ដោយឡែកអ្នកពាក់ព័ន្ធជាមួយបុរសខាងលើនៅហាងកាហ្វេលឹង្គ១០០០វិញ អាជ្ញាធរខេត្ត និង មន្ទីរសុខាភិបាលបានរកឃើញមនុស្ស២នាក់ មានវិជ្ជមានមេរោគកូវីដ១៩ ក្នុងនោះមាននារីម្នាក់ ជាបុគ្គលិកហាង និងម្នាក់ទៀតជាភ្ញៀវ ៕ ដោយ តាំង ហូ