ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញនូវសេចក្តីជូនដំណឹង លេខ ០៦២ /២១ សជណ ស្តីពីការផាកពិន័យអន្តរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល ។ បើតាមលិខិតសេចក្តីជូនដំណឹងបានឱ្យដឹងថា ៖ យោងតាមលិខិតលេខ ៨៣៣ សជណ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ។ តបតាមកម្មវត្ថុ និង យោងខាងលើ រដ្ឋបាល ខេត្ត ជម្រាបជូន លោកអភិបាល នៃគណ:អភិបាល ក្រុង-ស្រុក ជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ « សហគមន៍ ២០ កុម្ភ: » ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃអភិបាល ក្រុង-ស្រុក បន្តចូលរួមសហការជាមួយមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តន៍ការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ច ពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ប្រភពដដែលបានបន្ថែមថា នៅក្នុងការអនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាក ឬបញ្ហា ប្រឈមណាមួយ អភិបាល នៃគណ:អភិបាល ក្រុង-ស្រុក ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្តជាបន្ទាន់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអភិបាល នៃអភិបាលក្រុង- ស្រុក ចាត់ចែង អនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
សូមបញ្ជាក់ថា ៖ នេះជាលើកទី១ហើយ ក៏ជាខេត្តដំបូងគេបង្អស់ ដែលរដ្ឋបាលខេត្តប៉ៃលិន បានចេញនូវសេចក្តីជូនដំណឹង បន្ទាប់ពីទទួលបានពីថ្នាក់លើ (ក្រសួងមហាផ្ទៃ) ឱ្យធ្វើការផាកពិន័យទៅលើអ្នកល្មើសនឹងកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ខណ:បើមិនព្រមអនុវត្តតាមការណែនាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នោះទេ នឹងធ្វើការផាកពិន័យតែម្តង ។ ព្រោះជំងឺកូវីដ១៩ ជាជំងឺដ៏កាចសហាវគួរឱ្យភ័យខ្លាច និងព្រួ យបារម្ភយ៉ាងខ្លាំង ដោយមានប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តមួយចំនួន និងរាជធានីភ្នំពេញ បានកើតជំងឺមួយនេះ ហើយកំពុងសម្រាកព្យាបាល ក៏មានអ្នកទទួលមរណភាពដោយសារជំងឺនេះផងដែរ ៕ ដោយ ៖ នីយ៉ា