យកដុំថ្មគប់ក្បាលធ្វើឱ្យមនុស្សស្លាប់,សមត្ថកិច្ចបានឃាត់មនុស្ស៥នាក់ តែពួកគេប្រកែកថា «មិនពាក់ព័ន្ធ»

កណ្តាល ៖ មានករណីប្រើហិង្សាយកដុំថ្មគប់ក្បាលធ្វើឱ្យមនុស្សស្លាប់ បង្កការភ្ញាក់ផ្អើល នាថ្ងៃអាទិត្យទី២៨ខែមីនា ឆ្នាំ២០២១វេលាម៉ោង៦និង១០នាទីព្រលប់ នៅចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយសមត្ថកិច្ចបានឃាត់មនុស្ស៥នាក់ តែពួកគេប្រកែកថា«មិនពាក់ព័ន្ធ»។ សមត្ថកិច្ចនិយាយថា ជនរងគ្រោះ៤នាក់រួមមាន ១-ឈ្មោះធូ ភីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម១ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ (ស្លាប់),២-ឈ្មោះធា ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ,៣-ឈ្មោះឈុន មេសា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករនិង៤-ឈ្មោះនេត ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ។ ចំណែកជនសង្ស័យមានគ្នា០៣នាក់ប្រុស មិនទាន់កំណត់អត្តសញ្ញាណបាន ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ មិនស្គាល់ស៊េរី មិនចាំស្លាកលេខ បើករត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី ២៨មីនាឆ្នាំ២០២១វេលាម៉ោង៦និង១០នាទីព្រលប់នៅចំណុច ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនរងគ្រោះនិងមិត្តភក្តិបានជិះម៉ូតូមួយគ្រឿងឌុបគ្នា៤នាក់ចេញពីផ្ទះ នៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣២-៣៣ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ស្រាប់តែមានមនុស្ស០៣នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយ១គ្រឿងម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខបានជិះពីក្រោយយកដុំថ្មវាយឈ្មោះធូ ភីណា ភេទប្រុស ពីក្រោយចំក្បាលផ្នែកខាងក្រោយបណ្តាលឱ្យធ្លាក់ពីលើម៉ូតូសន្លប់រងរបួសធ្ងន់និងបាត់មាត់បាត់ក ។ភ្លាមនោះមិត្តភក្ដិដែលជិះមូតូជាមួយបានយកមកមណ្ឌលសុខភាព ឃុំបន្ទាយដែក ក៏បាត់បង់ជីវិត។ បន្ទាប់មកបងប្អូនជនរងគ្រោះបានរាយការណ៍មកប៉ុស្តិ៍បន្ទាយដែក ក្រោយទទួលបានព័ត៌មានកម្លាំង ប៉ូលិសប៉ុស្តិ៍បន្ទាយដែក បានសហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ចុះដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវសាកសួរព័ត៌មានពីមិត្តភក្ដិជនរងគ្រោះដើម្បីកំណត់មុខសញ្ញា ។

 

ក្រោយពីទទួលបានភិនភាគជនសង្ស័យ កម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងល្បាតរកមុខសញ្ញា ក៏ប្រទះឃើញមនុស្សប្រុសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CW.9501 មានកាន់ដំបងដែកទីប កាំបិតប៉័ងតោ និងកណ្ដៀវនៅនឹងដៃ ។ភ្លាមនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់រួមមាន ១-ឈ្មោះសេង សារ៉ាត់ ហៅពៅ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយនិង២-ឈ្មោះខាន់ចាន់ សីហា ភេទប្រុសអាយុ២២ឆ្នាំ ជនជាត់ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ចំណែកឈ្មោះ ឆ្អឹង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រត់គេចខ្លួន)។ ដោយមានការសង្ស័យពាក់ព័ន្ធជាមួយករណីខាងលើ កម្លាំងសមត្ថកិច្ចបានយកអ្នកទាំងពីរខាងលើរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីសួរនាំ ។នៅចំពោះមុខសមត្ថកិច្ចអ្នកទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា «ពួកខ្លួនមិនមានការពាក់ព័ន្ធនឹងករណីខាងលើនោះទេ»។ ប៉ុន្តែឈ្មោះសេង សារ៉ាត់ ហៅពៅ ភេទប្រុស និងឈ្មោះខាន់ចាន់ សីហា ភេទប្រុសបានឆ្លើយសារភាពថា ចំពោះវត្ថុតាង បំពង់ដែកទីប កាំបិតប៉័ងតោនិងកណ្ដៀវដែលពួកខ្លួនយកមកតាមគឺយកមកដើម្បីរកវាយមនុស្សមួយក្រុមដែលចង់វាយមិត្តភក្ដិរបស់ខ្លួនដែលមាន ទី១-ឈ្មោះអ៊ិន ថាវី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ,ទី២.ឈ្មោះអ៊ិន ថុនភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករនិងទី៣.ឈ្មោះមុក បញ្ញា ហៅម៉ី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ។ អ្នកទាំងបីមានទីលំនៅភូមិជ័យឧត្ដម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បន្ទាប់មកកម្លាំងសមត្ថកិច្ចហៅអ្នកទាំង៣នាក់ខាងលើមកសាកសួរនាំ នៅអធិការដ្ឋានស្រុក កៀនស្វាយ។ ក្រោយសមត្ថកិច្ចសួរនាំអ្នកទាំងបីនាក់បានឆ្លើយសារភាពថា «ពួកខ្លួនមិនមានការ​ពាក់ព័ន្ធនឹងករណីខាងលើនោះទេ»។ចំពោះអ្នកទាំង៥នាក់ខាងលើប៉ូលិសបានសុំគោលការណ៍មេ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវករណីនេះបន្តទៀត ដើម្បីរកមុខសញ្ញាប្រព្រឹត្តបទល្មើសកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *