ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងដេញកាប់រថយន្តសឺរ៉ែនដឹកអ្នកជម្ងឺត្រូវកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកសាងសំណុំ រឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២១នេះ។
ក្រុមជនសង្ស័យមាន១.ឈ្មោះខេង វាសនា ប្រុស អាយុ ១៨ឆ្នាំ ,ទី២-ឈ្មោះ ខេង សុឃីម ប្រុស អាយុ ២០ឆ្នាំ ៣-ឈ្មោះឈូន វីរះ ហៅ ម៉ូវ ភេទប្រុសអាយុ១៧ឆ្នាំ ជនសង្ស័យទាំងបីនាក់ រស់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបណ្តឹងពីអ្នកបើកបររថយន្តដឹកអ្នកជម្ងឺរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ថាមានករណីធ្វើឲ្យខូចខាតដោយចេតនា(កាប់រថយន្ត)បណ្តាលឲ្យខូចខាតដាច់ថ្នាំនិងកំពិតទ្វារខាងស្តាំ បែកកញ្ចក់មើលក្រោយផ្នែកខាងឆ្វេង នៅវេលាម៉ោង០៩យប់ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ កម្លាំងធធ្វើការស្រាវជ្រាវតាមវិធានការជំនាញរហូត នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១ ធ្វើការឃាត់ខ្លួនក្មេងទំនើងខាងលើបាននៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដើម្បីយកមកសួរនាំនៅអធិការក្រុង ។
លោក បញ្ជាក់៖ នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងទាំង០៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានយកកាំបិតវែងកាប់ទៅលើរថយន្តស៊ឺរ៉ែន របស់ពេទ្យដឹកអ្នកជម្ងឺ កាលពីយប់ថ្ងៃទី២៦នោះមែន ក្រោយពីធ្វើសកម្មភាពរួចបាននាំគ្នារត់គេចខ្លួន បន្ទាប់ក៏ត្រូវនគរបាលចាប់ឃាត់ខ្លួនតែម្តង៕ (សៅ នៅ)