អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បន្តដឹកនាំក្រុមការងារ ក្រុមគ្រូពេទ្យ ចុះសួរសុខទុក្ខ ផ្តល់ស្បៀងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កតាមផ្ទះ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ដោយមកពីតាមបណ្តា ខេត្តនានា ដូចជាខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញជាដើម ខណ:ពេលដែលខេត្តមួយ ចំនួនកំពុងតែមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ចំពោះសុវត្ថិភាព ។ ទើបរដ្ឋបាលខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) នៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ទូទាំងខេត្តចំនួន៤៨គ្រួសារ ។

លោកជំទាវបានមានប្រសាសន៍លើកឡើងដឹងថា បន្ទាប់ពីទទួលបានការណែនាំយ៉ាងយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យអាជ្ញាធរខេត្តទាំងអស់ ជាពិសេស ខេត្តដែលនៅជាប់ នឹងព្រំដែន ត្រូវមើលការខុសត្រូវ ចំពោះពលករ និងជនបរទេស ដែលបានធ្វើដំណើរមកពីខេត្ត រាជធានី ដែលកំពុងជួបហានិភ័យ និងបានធ្វើដំណើរមកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរទីលំនៅពីខេត្តមួយទៅខេត្តមួយ ដែលប្រឈមនឹងការឆ្លងជម្ងឺកូវីដ-១៩ ទើបអាជ្ញាធរខេត្ត បានដាក់ឱ្យពួកគាត់ ធ្វើចត្តាឡីស័កមួយរយ:ពេលសិន ។ លោកជំទាវអភិបាលខេត្ត ក៏បានណែនាំបន្តទៀតថា ការផ្តល់ស្បៀងជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពល រដ្ឋកំពុងធ្វើចត្តាឡីស័កទាំង៤៨គ្រួសារខាងលើ គឺជាប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរទី លំនៅមកពីតាមបណ្តាខេត្តនានា ខណ:ពេលស្នាក់នៅធ្វើចត្តាឡីស័កតាមផ្ទះរបស់ខ្លួន ក្នុងខេត្តប៉ៃលិន ។ ទន្ទឹមនឹងការផ្តល់ស្បៀងនោះដែរ លោកជំទាវអភិបាលខេត្ត ក៏បានឆ្លៀតឱកាសណែនាំបន្ថែមទៀត ឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។  ទោះបីជាស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ ដល់បងប្អូនប្រជាបលរដ្ឋ ព្រោះនេះគឺជាទឹកចិត្តខ្មែរ ស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក ហើយយើងនឹងអត់ធ្មត់ជាមួយគ្នាបន្តទៀត ។ លើសពីនេះ លោកជំទាវអភិបាលខេត្ត ណែនាំមិនត្រូវឱ្យប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក ដើរហើរចេញពីផ្ទះខ្លួន ដែលក្រុមការងារបានហ៊ុព័ទ្ធខ្សែក្រហមជុំវិញ ដោយគ្មានការអនុញ្ញាត នោះឡើយ ។ ម្យ៉ាងវិញទៀត បើសិនជាស្រឡាញ់ខ្លួនឯង ស្រឡាញ់ក្រុមគ្រួសារ និងស្រឡាញ់សង្គមជាតិ ត្រូវតែចូលរួមស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហើយបើសិនជានៅតែរឹងចចេស អាចនឹងមានការឆ្លងជម្ងឺក្នុងសហគម៍ ជាក់ជាមិនខានឡើយ ។  សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័កតាមផ្ទះទាំង៤៨គ្រួសារ ក្នុងនោះមានស្បៀងអាហារ ដែលលោកជំទាវអភិបាលខេត្តចុះចែកជូនដល់គ្រួសារនីមួយៗ មានដូចជា ៖ អង្ករ មី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងត្រីខ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *