ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៧ មិនា ២០២១សមត្ថកិច្ចបញ្ជូនខ្លួនឈ្មួញជួញដូរដីធ្លីម្នាក់និងបក្ខពួក ដែលល្បីល្បាញពេញខេត្តមណ្ឌលគិរីទៅតុលាការ ក្រោយបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៏ត្រី ហែម បូណារ៉ែល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦ មិនា ២០២១ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តមណ្ឌលគិរី តាមបណ្តឹងពីប្រជាពលរដ្ឋក្នុងករណីដីធ្លី និងក្លែងឯកសារសាធារណៈ ។
យោងតាមពាក្យបណ្តឹងដែលបណ្តាញសារព័ត៌មានទទួលបាន មានខ្លឹមសារថា នាងខ្ញុំឈ្មោះ ស្រេង គីមលាង អាយុ 46 ឆ្នាំសញ្ជាតិខ្មែរ និងឈ្មោះ ស្រេងពៅ អាយុ 41 ឆ្នាំ មានអាសយដ្ឋានផ្លូវលេខ 6 អា ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សូមប្ដឹងឈ្មោះ ទូច ហឿន ភេទប្រុស អាយុ 37 ឆ្នាំជាតិខ្មែរ ទីកន្លែងកំណើតភូមិរកាខ្នុរ ឃុំកោះច្រែង ស្រុក ក្រចេះ ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឈ្មោះ ប៊ុតហុត ភិមផា ភេទស្រីអាយុ 31 ឆ្នាំ លំនៅបច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បក្សពួក។ពីបទប៉ះពាល់កម្មសិទ្ធិឯកជន អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត នឹងធ្វើឱ្យខូចខាតដោយចេតនា។
ក្នុងពាក្យបណ្តឹងបន្តថា កាលអំឡុងខែកុម្ភៈឆ្នាំ 2020 ឈ្មោះទូច ហឿន និងឈ្មោះប៊ុតហុត ភិមផា បានមកកាន់កាប់លើក្បាលដីលេខ 85 ទំហំទទឹង 180 ម៉ែត្របណ្ដោយដល់អូរពងប៉ះ ដែលជាដីរបស់យើងខ្ញុំបានកាន់កាប់តាំងពីឆ្នាំ 2005 មកម្ល៉េះ។ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានរបងព័ទ្ធជុំវិញត្រឹមត្រូវតែអ្នក ទាំងពីរខាងលើបានលួចឈូសឆាយដីរបង ហើយសាងសង់របងថ្មីពីឥដ្ឋ ព្រមទាំងជីកស្រះដាំដុះដំណាំនិងសង់ខ្ទមនៅលើដីនោះដោយគ្មានការអនុញ្ញាតពីយើងខ្ញុំ។
កន្លងមកយើងខ្ញុំតែងតែទៅមើលដីនៅទីនោះ តែដោយសារឪពុកឈឺទើបរយាលមិនបានទៅ ក្រោយចប់ធុរៈហើយបានទៅមើលដីនោះ ស្រាប់តែឃើញមានធ្វើរបងឥដ្ឋ ឈូសឆាយដី ជីកស្រះ ដាំដំណាំ សាងសង់ខ្ទម នៅលើដីនោះតែម្ដង ជាហេតុធ្វើឲ្យខូចខាតទ្រង់ទ្រាយដីរបស់ខ្ញុំ។ បន្ទាប់មកនៅពេលយើងខ្ញុំសួរទៅអ្នកធ្វើរបងទើបឈ្មោះ ទូច ហឿន បានចេញមុខប្រាប់ថា គាត់អ្នកធ្វើរបង ហើយជាម្ចាស់ដី។
ក្នុងពាក្យបណ្ដឹងដដែលនេះ ភាគីដើមបណ្ដឹងបាន ស្នើសុំសំណងជំងឺចិត្ត ចំនួន 10 ម៉ឺនដុល្លារ និងការខូចខាតរបងបង្គោលថ្ម ចំនួន 400 ដើមគិតជាទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារ។
ជុំវិញករណីខាងលើនេះមហាជនបានកោតសសើរចំពោះចំណាត់ក៏ផ្លូវច្បាប់លើបុគ្គល ទូច ហឿន ដោយសារតែឈ្មោះនេះ បានបង្កព្យុះភ្លៀងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត រងការឈឺចាប់ដោយបាត់បង់ដីធ្លី។មិនត្រឹមតែប៉ុនណោះ បុគ្គល ទូច ហឿន នៅមានសកម្មភាពរំលោភកាន់កាប់ដីធ្លីរដ្ឋខុសច្បាប់ ដីសហគមន៏របស់បងប្អូនជនជាតិដើមភាគតិច ថែមទៀត។បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះ ទូច ហឿន ធ្លាប់ត្រូវបានចាប់បញ្ជូនដាក់ពន្ឋនាគារម្តងហើយកាលឆ្នាំ២០២០ ក្នុងករណីដូចគ្នានេះ ប៉ុន្តែឈ្មោះនេះចូលគុកបានត្រឹមមួយដង្ហើមចង្រឹតចេញមកវិញ ក៏បានពាក់ស័ក្កិបួនកន្លះទាហាន ខណៈដែល ទូច ហឿន ទើបតែដាក់ពាក្យលាឈប់ពីក្រមខណ្ឌគ្រូបង្រៀនខេត្តមណ្ឌលគិរី កាលពីដើមខែកុម្ភៈ ២០២១។ ហេតុអ្វីបុគ្គលនេះអាចកាន់ក្រមខណ្ឌការងាររដ្ឋពីរដាច់ ដោយឡែកពីគ្នាក្នុងពេលតែមួយ។
សូមរំឮកថា ជនសង្ស័យទាំងពីរនាក់ដែលកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួន មានឈ្មោះ ទូច ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចំណែកម្នាក់ទៀតឈ្មោះ ព្រេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
យោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យកម្លាំងមាន សមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅបង្ហាញខ្លួននៅអយ្យការអមសាលា ដំបូងខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី៣១ មិនា ២០២១ ដើម្បីសាកសួរអំពីករណី ផ្តល់សក្ខីកម្មក្លែងក្លាយ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន និងសមគំនិតក្នុងអំពើផ្តល់សុំឲ្យផ្តល់ឯកសារទុច្ចរិក ប្រព្រឹត្តនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០៕