រកឃើញទៀតហើយអ្នកពាក់ព័ន្ធជាមួយនិងអ្នកផ្ទុកមេរោគ កូវីត-១៩ ចំនួន១៧នាក់នៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:រកឃើញមានអ្នកពាក់ព័ន្ធជាមួយនិងអ្នកផ្ទុកមេរោគ កូវីត-១៩ ចំនួន១៧នាក់នៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងទៀតហើយ ។ នេះបើយោងតាមរបាយការណ៍របស់ លោកអភិបាល ស្រុកសាមគ្គីមានជ័យបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះថា ខាងមន្ត្រីសុខាភិបាលស្រុកសាមគ្គីមានជ័យ បានទៅយកសំណាកពីបុគ្គលដែលមានការពាក់ ព័ន្ធជាមួយលោក គ្រូពេទ្យឈ្មោះ សាន ភីរ៉ូ ដែលមានវិជ្ជមានកូវីត-១៩ ហើយបានមកផ្ទះ ឪពុកម្ដាយ របស់លោកនៅក្នុងភូមិក្រាំងសាម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានចូលមកសាលា ឃុំស្វាយជុក ដើម្បីធ្វើឯកសារដីធ្លី។

ក្រោយពីបានទទួលព័ត៌មានភ្លាម ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកអ្នកដែលពាក់ព័ន្ធជាមួយនឹង បុគ្គលផ្ទុកមេរោគកូវីត-១៩មានចំនួន១៧នាក់ ទាំងអ្នកបានប៉ះពាល់ដោយប្រយោល និងប៉ះពាល់ ដោយផ្ទាល់ ក្នុងនោះស្រី៧នាក់ រួមទាំងមានលោកស្រីមេឃុំស្វាយជុក និងស្មៀនឃុំស្វាយជុក ២នាក់ផងដែរ ។

ស្មៀនឃុំស្វាយជុក ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា ករណីដែលមានការពាក់ព័ន្ធជាមួយលោក អំពីជំងឺកូវីដ-១៩ខាងលើនេះ គឺនៅព្រឹកថ្ងៃទី២៦ ខែមីនានោះដែរ ឪពុករបស់លោក គ្រូពេទ្យ សាន ភីរ៉ូ បានកាន់ឯកសារដីធ្លីទៅឲ្យលោកដើម្បីរៀបចំឯកសារផ្សេងៗ ពេលនោះលោកបានទទួលយកឯកសារ ពីគាត់ តែបានអង្គុយឆ្ងាយពីគ្នាដែលមានគម្លាតពីគ្នាប្រមាណជិត២ម៉ែត្រ បន្ទាប់ពីប្រគល់ឯកសារ ឲ្យលោកហើយ ១០នាទីក្រោយមកគាត់ក៏បានត្រឡប់ទៅវិញ។

ស្មៀនឃុំបានបញ្ជាក់ឲ្យដឹងទៀតថា នៅសាលាឃុំស្វាយជុកគឺមានបម្រាម សម្រាប់ភ្ញៀវមកពីជិតឆ្ងាយ មុននឹងចូលមកបំពេញកិច្ចការផ្សេងៗ នៅក្នុងសាលាឃុំ ត្រូវតែចូលរួមការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយតម្រូវឲ្យពាក់ម៉ាស់និងលាងដៃនឹងសាប៊ូ ឬអាកុល ដែលលោកបានរៀបចំទុកនៅខាងមុខរួចជា ស្រេច ថែមទាំងបានសរសេរបម្រាមនៅខាងមុខសាលាឃុំថែមទៀតផង។ចំពោះករណីដែលមានជាប់ពាក់ព័ន្ធជាមួយលោកស្រីមេឃុំ និងស្មៀនឃុំខាងលើនេះ លោកស្រី ប៉ែន សោភា មេឃុំស្វាយ ជុក បានប្រាប់អោយដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថាកាលពីព្រឹកថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ លោកគ្រូពេទ្យ សាន ភីរ៉ូ រស់នៅទីក្រុងភ្នំពេញ ដែលមានវិជ្ជមានកូវីត-១៩  បានជិះរថយន្តមួយគ្រឿងមានគ្នា៤នាក់ ជាមួយនឹងភរិយារបស់គាត់ រួមទាំងឪពុករបស់គាត់ និងតៃកុងរថយន្តម្នាក់ផងដែរ បានមកសាលាឃុំស្វាយជុក ដើម្បីសួរនាំលោក ស្រី អំពីរឿងសំបុត្រអាពាហ៍ពិពាហ៍ខុសឈ្មោះ ថាតើអាចកែឈ្មោះបានដែរឬទេ  ខណៈនោះដែរ លោកស្រីបានឈរនិយាយជាមួយនឹងភរិយារបស់គាត់ នឹងលោកគ្រូពេទ្យ សាន ភីរ៉ូ ផងដែរ តែឈរនៅគំលាតពីគ្នាប្រហែលពី៣ ទៅ៤ម៉ែត្រ ពេលនោះទាំងអស់គ្នាសុទ្ធតែពាក់ម៉ាស់រៀងៗខ្លួន។

លោកស្រីមេឃុំបានបញ្ជាក់ឲ្យដឹងទៀតថា គ្រួសារលោក គ្រូ ពេទ្យ សាន ភីរ៉ូ ទាំងពីរនាក់ភរិយារបស់គាត់បានធ្វើតេស្ដលើកទី២ទាំងអស់គ្នា ក្នុងនោះលោកគ្រូពេទ្យ សាន ភីរ៉ូ វិជ្ជមាន ដោយឡែកភរិយារបស់គាត់ធ្វើតេស្ត២លើកដែរ តែលទ្ធផលអវិជ្ជមាន។

ហើយនៅថ្ងៃដែលពួកគាត់មកពីភ្នំពេញមកផ្ទះឪពុកម្ដាយរបស់គាត់ នៅក្នុងភូមិក្រាំងសាម៉ គឺគាត់បានចូលផ្ទះឪពុកម្ដាយរបស់គាត់  និងចូលទៅចំលងឯកសារនៅក្នុងភូមិក្រាំងសាម៉ បន្ទាប់មកក៏ចូលមកសាលាឃុំស្វាយជុក ហើយត្រឡប់ទៅភ្នំពេញវិញ។

ចំណែកប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងឃុំស្វាយជុកទាំងអស់លោកស្រីក៏បានរៀបចំឲ្យពួកគាត់ធ្វើ ចត្តាឡីស័កនៅតាមផ្ទះ នឹងចាត់ឲ្យសមត្ថកិច្ចអាជ្ញាធរការពារ និងឃ្លាំមើលពួកគាត់មិនឲ្យដើរចេញ ទៅណារហេតរហូតនោះឡើយ។

ជុំវិញករណីខាងលើនេះលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះដែរថា ពាក់ព័ន្ធករណីខាងលើនេះ នៅយប់ថ្ងៃទី២៦ ខែមី នា លោកបានឲ្យក្រុមគ្រូពេទ្យមួយក្រុមចុះទៅយកសំណាក ពីអ្នកពាក់ព័ន្ធនៅក្នុងស្រុកសាមគ្គីមានជ័យ ចំនួន១៧នាក់ ក្នុងនោះស្រី៧នាក់ បានយកសំណាកផ្ញើរទៅធ្វើតេស្តនៅឯវិទ្យាស្ថានប៉ាស្ទ័រ តាំងតែពីយប់មិញរួចអស់ហើយ គឺរង់ចាំមើលតែលទ្ធផលទាំងអស់នេះសិន ៕ ដោយលោកស្រី សាន ផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *