ខេត្តកំពង់ឆ្នាំងៈប្រធានគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក អម សុភា និង សហការី បន្តចុះធ្វើការផ្សព្វផ្សាយអប់រុំបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦មីនា២០២១។
មានប្រសាសន៍នៅក្នុងឱកាសនោះប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក អម សុភា បានមានប្រសាសន៍ថាៈ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាពនិងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩នៅពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តតាមការណែនាំ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់អំពីការអនាម័យ និង វិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀស ផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា យើងដែរ។
លោកបាន បន្តទៀតថាៈ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះដោយសារជម្ងឺកូវិដ១៩ផងដែរ។ដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តអោយបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំផងដែរ ។ម៉្យាងវិញទៀត ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមាន រោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល របស់រដ្ឋ ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ។
ក្នុងឱកាសនោះផងដែរប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន
បន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា ៕ លោកស្រី សាន ផល្លា