អាវុធហត្ថឃាត់ខ្លួនចោរលួច និងអ្នកទទួលផលចោរកម្មចំនួន៣នាក់ ដកហូតម៉ូតូជាង៤០គ្រឿង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ  អាវុធហត្ថឃាត់ខ្លួនចោរលួច និងអ្នកទទួលផលចោរកម្មចំនួន៣នាក់ ដកហូតម៉ូតូជាង៤០គ្រឿង នៅក្រុងប៉ោយប៉ែត សមត្ថកិច្ចអាវុធហត្ថកំពុងកសាងសំណុំ រឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាម ផ្លូវច្បាប់។ លោកវរសេនីយ៍ទោ នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កម្លាំងអាវុធហត្ថក្រុង ប៉ោយប៉ែតបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ កែវ កុសល់ ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ(អ្នកលួច) ២.ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប (បក្ខពួក) និង៣.ឈ្មោះ ឡាយ សាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ (ទទួលផលចោរកម្ម)។ ជនសង្ស័យទាំងបីនាក់ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មុននិងឈានដល់ការបង្ក្រាបករណីនេះ ដោយកម្លាំងកងរាជអាវុធទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ រហូតស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ(លួច) និងចម្លើយសារភាពរបស់ឈ្មោះ កែវ កុសល់ កម្លាំងបានឃាត់ខ្លួនជនសង្ស័យដែលទទួលផលចោកម្ម និងដកហូតបានវត្ថុតាង រួមមានម៉ូតូចំនួន៤៨គ្រឿង(ក្នុងនោះមានម៉ូតូជនរងគ្រោះ១គ្រឿងផងដែរ) ម៉ូតូកង់បី៧គ្រឿង ស្លាកលេខរថយន្ត៦សន្លឹក ស្លាកលេខម៉ូតូ២សន្លឹក និងសម្ភារៈជួលជុលម៉ូតូមួយចំនួនធំ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ចំពោះម៉ូតូដែលដកហូតបានខាងលើនេះ និងធ្វើការផ្សព្វផ្សាយឲ្យម្ចាស់ មកទទួលយកម៉ូតូខ្លួនវិញ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយយកឯកសារពាក់ព័ន្ធបញ្ជាក់ថាជារបស់ខ្លួនពិតប្រាកដនោះសមត្ថកិច្ចនិងប្រគល់ជូនពួកគាត់វិញ៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *