ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់១.៥លានដូស នឹងមកដល់កម្ពុជា ដែលជាក្តីសង្ឃឹមបន្ថែមសម្រាប់យក ឈ្នះលើវិបត្តិជំងឺកូវីដ១៩

ភ្នំពេញៈ  វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជា ទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មប្រយុទ្ធ ប្រឆាំង ជំងឺកូវីដ១៩។ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញប្រគល់វ៉ាក់សាំង។ហើយពិធីទទួល និងប្រគល់ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ បច្ចុប្បន្នកម្ពុជាកំពុងធ្វើសកម្មភាពយ៉ាង ស្វិតស្វាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលឱ្យឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ មកដល់ពេលបច្ចុប្បន្នកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភព លោកផងដែរ ក្រៅតែពីការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រើវិធានសុខាភិបាល ទប់ស្កាត់កុំឱ្យឆ្លងហើយនោះ វ៉ាក់សាំងប្រយុទ្ធ ប្រឆាំងកូវីដ១៩ គឺជាក្តីសង្ឃឹមមួយសម្រាប់ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ដំណើការសង្គម និងសេដ្ឋកិច្ច អាចមានភាពល្អប្រសើរឡើងវិញ។

ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២លើករួចមកហើយ ស្មើនឹង ៩២ម៉ឺន៤ពាន់ដូស។ ក្នុងនោះ៦០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន និង ៣២ម៉ឺន ៤ពាន់ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងសកម្មចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាមុខសញ្ញាបានកំណត់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់ហើយ។ កម្ពុជាមានគម្រោងចាក់ប្រជា ពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់។ ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់។

តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជានាពេលខាងមុខនេះ។ តាមរយៈវត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ គេរំពឹងថា នឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ បន្ថែមមួយកម្រិតទៀត ហើយក៏រំពឹងថា នឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ផងដែរ៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *