មណ្ឌលគិរីៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីជំនាញ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ តាមដីកាលេខ ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំចំនួន ៤៧២,៨០៩ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឲ្យដឹងថា បន្ទាប់ពីមានគោលការណ៍ណែនាំពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើងដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាពបំពានរំលោភយកដីសម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង។លោកបានបន្តថា បន្ទាប់ពីក្រុមការងារចម្រុះ បានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែង ក៏បានរកឃើញមានដីធ្លីមួយចំនួនមានការចូលទៅគ្រប់គ្រង ដោយខុសច្បាប់ ហើយដីខ្លះទៀតជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតកាលកន្លងទៅ។ នៅក្នុងកិច្ចសន្យាប្រគល់ដីចំនួន៤៧២ហិកតា ដែលរដ្ឋបាលខេត្ត បានដកហូតពីការកាន់កាប់ដោយ ខុសច្បាប់តាមដីកាលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈ កម្មការខេត្ត បានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដី ដល់ទីតាំងជាក់ស្តែង តាមខ្លឹមសារនៃដីកាដក ហូតលេខ០០៧/១៩ ដោយអញ្ជើញក្រុមហ៊ុនចូលរួម ដែលមានលោក ចាន់ ប៊ុនថុល តំណាងឲ្យ ក្រុមហ៊ុន អ៊ូជីសាន។ ក្នុងកិច្ចសន្យាដដែលនេះ តំណាងក្រុមហ៊ុន បានសន្យាចំពោះមុខគណៈកម្មការ និងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែង តាមខ្លឹមសារនៃការដកហូតខាងលើ មានទំហំផ្ទៃដីចំនួន៤៧២ហិកតា ដើម្បីថែរក្សាការពារ និងគោរព លក្ខខណ្ឌដូចជា ក្រុមហ៊ុនត្រូវធ្វើការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី៤៧២ហិកតា លើកស្លាក ប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។
មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដី ដែលខ្លួនបានទទួលទាំង អស់ចំនួន៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ ដាំបង្គោលថ្មី និងកាយ ព្រំប្រឡាយ ក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ចសហការជៀសវាងមានបញ្ហានានា៕SKS