ខេត្តស្វាយរៀង៖ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់ពាក់កណ្តាលផ្លូវនៅពេលដែលក្រុមគ្រួសារបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញនិងក្មេងប្រុសស្រី៣នាក់ទៀតរងរបួសស្រាលខណៈដែលនាំគ្នាតោងលេងទ្វាររបងដែកហើយបណ្តាលរលំសង្កត់ពីលើតែម្តង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦:៤៥នាទីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបងហើយបានឡើងតោងលេងបណ្តាលឲ្យទ្វាររបងរលំសង្កត់ ទាំង៤នាក់រងរបួសធ្ងន់ម្នាក់ស្រាល៣នាក់ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ។
ប្រភពដដែលបានបន្តទៀតថា៖ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើនោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរ សិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង(ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ) និងក្មេងចំនួន៣ផ្សេងទៀត៖
ទី១.ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)
២.ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក(រងរបួសស្រាល)
៣.ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)។
អ្នកទាំង៤ទៅលេងទ្វារបងផ្ទះឈ្មោះ ឡឹក ចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិឃុំ ជាមួយគ្នា។ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាលផងដែរ៕ដោយ សាយ ហ្គន