សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូន សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទ ក្រហមកម្ពុជាខេត្ត នាំយកនូវអំណោយមនុស្សធម៌ ប្រគល់ជូន សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹម របស់កុមារ ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក។

លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេល វេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ (កូវីដ-១៩)។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណង ជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។

លោកនាយកសាខា បន្ថែមថា នេះគឺជាលើកទី៤ ហើយ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បាននាំយកនូវអំណោយមនុស្សធម៌ ប្រគល់ជូនដល់សមាគមន៍ ដោយក្នុង១ឆ្នាំ សាខាបានឧបត្ថម្ភចំនួន ២ ដង។

លោកនាយកសាខា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមរក្សាអនាម័យ ឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ៣កុំ ៣ការពារ។

បើតាមប្រធានសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ បានឱ្យដឹងថា ក្នុងសមាគមន៍ មានកុមារស្នាក់នៅចំនួន ៤៨ នាក់ ក្នុងនោះកុមាររៀនបឋមសិក្សាចំនួន ៤០ នាក់ រៀនវិទ្យាល័យចំនួន ៤ នាក់ និងសាកលវិទ្យាល័យ ៤ នាក់។ លោកបន្ថែមថា សមាគមន៍នេះទទួលបានការឧបត្ថម្ភ គាំទ្រពីសប្បុរសជននានានៅក្នុងប្រទេស ដែលមានចិត្តសប្បុរសធម៌ ក្នុងការជួយឧបត្ថម្ភទំនុកបម្រុង ដល់សមាគមន៍។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជា ប្រគល់ជូនរួមមាន៖ អង្ករ ២តោន មីកេសតូច ៦០កេស ត្រីខ ៣កេសធំ ទឹកសុទ្ធ ២០ ធុង ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ សាប៊ូ ២កេស ជែលសម្អាតដៃ ៦០ដប ម៉ាស់ ១០ប្រអប់ ប្រេងឆា ២កេស និងថវិកា ៥លានរៀលផងដែរ។ដោយ​ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *