ព្រះវិហារៈ លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងអធិការ នគរបាលក្រុងព្រះវិហារ បានបំបែកសំណុំរឿងមួយ ដែលបង្ខាំងមនុស្សដោយខុសច្បាប់ ភ្លាមៗ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ និងបានអន្តរាគមន៍ជួយសង្រ្គោះនារីរងគ្រោះដោយជោគជ័យ នៅចំណុចទីតាំងហាងផឹកស៊ីមួយកន្លែងយីហ៊ោ ឡុចសារី បៀរ ឋិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅវេលាម៉ោង១១នឹង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ។ លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោយពីបានទទួល ពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ សួន ស្រីហៀង ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ តាមរយៈទូរស័ព្ទ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃដដែល ថាត្រូវបានម្ចាស់ទីតាំងខាងលើ ដែលមានឈ្មោះ អ៊ិន ប៊ុននឿន ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ជាម្ចាស់ទីហាង ឡុចសារី បៀរ ខាងលើ បានបង្ខាំងខ្លួនមិនអោយចេញពីហាងផឹកស៊ី តាំងពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១មកម្លេះ ។ លោកព្រះរាជអាជ្ញារង បន្តថា បន្ទាប់សុំគោលការពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលអធិការក្រុងព្រះវិហារ ចុះទីតាំងនោះផ្ទាល់តែម្តង និងបានពិនិត្យឃើញជាក់ស្តែងថា ទីតាំងហាងនោះបានចាក់សោរពីខាងក្រៅដូចនារីរងគ្រោះខលប្ដឹងពិតមែន ។ ដូច្នេះហើយ សមត្ថកិច្ចក៏បានឆែកឆេរ និងបានឃើញមនុស្សស្រី ម្នាក់ នៅខាងក្នុងហាងនោះពិតប្រាកដមែន ។ លោកព្រះរាជអាជ្ញារង បន្តថា តាមការផ្តល់ចម្លើយពីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាបុគ្គលិកបម្រើការងារនៅក្នុងហាងមួយនេះ ប៉ុន្តែនារីរងគ្រោះរូបនេះបានសុំលាឈប់ពីការងារ ធ្វើឲ្យថៅកែខឹង ក៏បានបង្ខាំង នារីរូបនេះមិនឲ្យចេញក្រៅតែម្តង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ទើបរូបនាងដាច់ចិត្ត ទូរស័ព្ទសុំជួយ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ។
សូមបញ្ជាក់ថា មកដល់ពេលនេះ នារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំ មកកាន់អធិការនគរបាល ក្រុងព្រះវិហារ ដោយឡែកម្ចាស់ទីតាំងហាងខាងលើ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាក សួរបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារផងដែរ ដើម្បីសាកសួរបន្ត ។