កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិង រថយន្តបណ្ដាលឱ្យរបួសបុរសម្នាក់ កើតឡើងនាវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃ២៦មករាឆ្នាំ២០២៣ ចំណុចផ្លូវរទេះភ្លើង ភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តម៉ាកFUZU ប្រភេទ សណ្ដោងរ៉ឺម៉ក ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ ៣E-៥០៤៣ បើកបរដោយឈ្មោះ ស៊ុន សុខា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសស្រាល)បើកបរក្នុងទឹសដៅពីកើតទៅលិច។លុះមកដល់ផ្លូវរថភ្លើងឆ្លងកាត់ មានឆ្មាំយាមប្រចាំការនៅទីនោះបានធ្វើការបញ្ជានិងបិទផ្លូវចរាចរណ៍ដើម្បីឱ្យរថភ្លើង ១ខ្សែឆ្លងកាត់ក្នុងទិសដៅពីត្បូងទៅជើង ក្រុមហ៊ុនរ៉ូយ៉ាលវ៉ើល(royal wild) នៅពេលរថភ្លើងមួយផ្នែកខាងមុខឆ្លងកាត់ទៅផុតនោះ ឆ្មាំអ្នកយាមនៅទីនោះ ក៏បានបើកបារ៉ាស់ដើម្បីឱ្យរថយន្តឆ្លងកាត់ ដោយពុំដឹងថាមានបារ៉ុងស៉ីទែនប្រេងចំនួន០២ ដាច់ចេញពីការសណ្ដោងនោះទេ ។
ខណៈពេលនោះ រថយន្តខាងលើកំពុងតែឆ្លងកាត់នោះស្រាប់តែបារ៉ុងស៉ីទែនប្រេងដែលដាច់នោះបានមកបុករថយន្តខាងលើចំពាក់កណ្ដាល អូសចម្ងាយប្រហែលជា ១០០ម៉ែត្រ ទើបបានធ្លាក់ចុះពីលើផ្លូវដែក បណ្ដាលឱ្យខូចខាតរ៉ឺម៉ករថយន្ដខាងក្រោយមួយចំនួនធំ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា «ករណីនេះបណ្ដាលមកពីខាងភាគីរថភ្លើងមានការធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន ពុំដឹងដាច់បារ៉ុងស៉ីទែនប្រេង ទើបបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះ»។
បច្ចុប្បន្ន ស៊ីទែនផ្ទុកប្រេងដឹកដោយរទេះភ្លើង និងរថយន្តរក្សាបណ្ដោះអាសន្ននៅកន្លែងកើតហេតុនៅឡើយ៕