ពលរដ្ឋជា៦០០គ្រួសារ នៅឃុំស្រយ៉ង់ ខេត្តព្រះវិហារ ទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ

ព្រះវិហារ៖ ប្រជាពលរដ្ឋចំនួន ៦១៤គ្រួសារ ស្មើនឹង ១,០៦៣ក្បាលដី លើផ្ទៃដីចំនួន ១០,៤៧២ហិកតា នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

នាឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋពីតម្លៃ នៃកម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថា ប្រសិនបើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ សូម្បីតែស្លាបព្រា វែកបាយ ក៏មិនមែនជាកម្មសិទ្ធិយើងនោះដែរ។

ទេសរដ្ឋមន្ត្រី មាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ។

ឯកឧត្ដមថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាឆ្នាំខួបអនុស្សាវរីយ៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា១៩៧៩/ ៧មករា ២០២៣នេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *