បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងពាក់ព័ន្ធបទល្មើស២ករណីផ្សេងគ្នា

កណ្ដាល ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសករណីផ្សេងគ្នា ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាបូងខេត្តកណ្តាល ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី២៤មករាឆ្នាំ២០២៣ ។

ករណីទី១-កម្លាំងនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនមុខសញ្ញាម្នាក់ មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូង ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩និង២០នាទីយប់ នៅចំណុចភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ បុិន សុធិ ហៅតុង ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនដីកាលេខ ៤៩៩ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ របស់ អឿង វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ពីបទ«អំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅផ្លូវលេខ៥១ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២»។  សមត្ថកិច្ចបន្តថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក នៅខេត្តកណ្ដាល ករណីឆក់កាបូប ជាប់រយៈពេល០១ខែ១៥ថ្ងៃ ។

ករណីទី២-ជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនាថ្ងៃទី២៤ មករា បន្ទាប់ពីបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ នៅចំណុចក្នុងអតីតហាងខននិកសិន ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីល្ងាច។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្រ្តីរាជការ ។

ចំណែកជនសង្ស័យឈ្មោះ អ៉ឹម កុសល ហៅ ដុំដី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន) ។វត្ថុតាងដកហូតរួមមាន ដង្កាប់ចំនួន០១ ,កន្រ្តៃកាត់ដែក ចំនួន២ ,ទួណឺវីស ចំនួន០១, កាបូបក្រវ៉ាត់ចង្កេះចំនួន០១ ជារបស់ជនសង្ស័យ,ដែកអាលុយមីញ៉ូមស៊ុមបង្អួចមួយចំនួន និង ដែកគន្លឹះទ្វារមួយចំនួនជារបស់ជនរងគ្រោះ។

សមត្ថកិច្ចបន្តថា កាលពីវេលាកើតហេតុខាងលើជនសង្ស័យឈ្មោះ អ៉ឹម កុសល ហៅ ដុំដី បានធ្វើសកម្មភាពលួចចូលក្នុងអតីតហាងខននិកសិន ហើយលួចយកបានសម្ភាររបស់ជនរងគ្រោះមួយចំនួនដូចរៀបរាប់ខាងលើ, ពេលនោះក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅសហការជាមួយប្រជាការពារចុះឃាត់ខ្លួនបានតែម្តង។

តាមការសាកសួរជនសង្ស័យឆ្លើយថា«ខ្លួនធ្លាប់ចូលធ្វើសកម្មភាពលួចនៅកន្លែងខាងលើចំនួន៣ដងមកហើយ»។

បច្ចុប្បន្នជនសង្ស័យទាំង២ករណីខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនាថ្ងៃទី២៤មករាឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *