រដ្ឋបាលស្រុកសង្គមថ្មី ប្រារព្ធពិធីរំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃមហាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ លើរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុល ពត

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកសង្គមថ្មី បានរៀបចំពិធីរំឮក ខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ៧មករា (០៧មករា១៩៧៩ – ០៧មករា២០២៣) ក្រោមអធិបតីភាព ឯកឧត្តម  យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម យ៉ុង គឹមហ៊ាន បានលើកឡើងថា៖ រយៈពេល៤៤ឆ្នាំ កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិត មានសិទ្ធិសេរីភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ គឺផ្តើមចេញពីជ័យជំនះ ៧ មករា ១៩៧៩ ដូចច្នេះហើយយើងទាំងអស់គ្នា ត្រូវប្តេជ្ញាការពារថែរក្សាស្មារតីថ្ងៃជ័យជំនះ ៧ មករា អោយនៅស្ថិតស្ថេរជាអមតៈ ។

ឯកឧត្តមបានបន្តថា៖ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ប៉ុលពត សង្រ្គោះជាតិប្រជាជនកម្ពុជាឱ្យមានជីវិតឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នង បំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់របប ដ៏ខ្មៅងងឹត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ហើយរយៈពេល៤៤ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គម យ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូល នឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរៃ រាប់ទស្សវត្សរ៍ ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ ហើយកម្ពុជាក៏អាចប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ១៩ធ្វើអោយប្រទេសបើកដំណើរការបានជោគជ័យឡើងវិញផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *