ខេត្តប៉ៃលិន ៖ យុវជនជំនាន់ក្រោយបានបង្ហាញការចូលរួមអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា និងបានប្ដេជ្ញាថែរក្សាគុណតម្លៃ ថ្ងៃ៧មករា ដែលផ្ដល់នូវជីវិតទី២ជូនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានរស់រានមានជីវិត និងជាមូលដ្ឋាន នៃការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន
បើតាមការរៀបរាប់របស់អ្នកស្រី អាន់ លីណា ជាយុវជនកាកបាទក្រហមសាខាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ អ្នកស្រីបានយល់ដឹងច្រើននូវប្រវត្តិរបបខ្មែរក្រហម តាមរយៈការប្រាប់ពីមនុស្សចាស់ៗ កើតទាន់ជំនាន់នោះ និងការសិក្សា ដែលរបបនោះ បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនលាននាក់ រងទុក្ខវេទនាហួសបរិយាយ និងបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងអស់ជាងបីលាននាក់យ៉ាងសាហាវព្រៃផ្សៃបំផុត។
បើតាមលោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បាឱ្យដឹងថា ៖ ទោះជាលោកមិនបានកើតទាន់ជំនាន់នោះក៏ដោយ ប៉ុន្តែតាមរយៈតឹកតាងជាច្រើន ដែលបានបង្ហាញ និងសាក្សីដែលនៅរស់ គឺពួកគេមិនចង់ជួបនូវរបបបែបនោះម្តងទៀតទេ ហើយអរគុណយ៉ាងក្រៃលែងចំពោះគុណបំណាច់ នៃថ្ងៃ៧មករា ដែលបានជួយសង្គ្រោះប្រជាជនខ្មែរឱ្យរួចគេចផុតពីរបបឃោរឃៅនោះ។
ចំណែកលោក ង៉ា លីហុង ជាយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះប្រជាពលរដ្ឋ ចេញពីរបបខ្មែរក្រហម ជាថ្ងៃបង្កើតជីវិតទី២ ជូនប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ តាមរយៈការបូជានូវសាច់ស្រស់ ឈាមស្រស់ និងការតស៊ូរបស់យុទ្ធជន នៃរណសិរ្សសង្គ្រោះជាតិកម្ពុជា។ ទិវាជ័យជម្នះ ៧ មករា បានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ម្យ៉ាងវិញទៀត ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧មករា,កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។
លោកក៏បានបន្តថា អរគុណ “នយោបាយឈ្នះ ឈ្នះ” ដែលបានបង្ហាញពីវឌ្ឍនភាព របស់ខេត្តប៉ៃលិន ក្នុងរយ:ពេល២៤ឆ្នាំ បន្ទាប់ពីធ្វើសមាហរណកម្ម ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលរដ្ឋបាលខេត្តឥឡូវ នៅក្រោមការដឹកនាំ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាពិសេស តែងតែទទួលបាន នូវការរួមចំនែកដឹកនាំគាំទ្រ ជាប្រចាំពី ឯកឧត្តមអ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងជាប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ជាប្រវត្តិសាស្រ្ត ជូនប្រជាជាតិទាំងមូល ក្រោមម្លប់នៃសន្តិភាព។ ដោយ ៖ នីយ៉ា