ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ខិតខំបម្រើនិងបំពេញតម្រូវការសមាជិកអតីតយុទ្ធជនក្នុងខេត្តឲ្យល្អប្រសើរ

(ពោធិ៍សាត់)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ខិតខំបម្រើនិងបំពេញតម្រូវការសមាជិកអតីតយុទ្ធជនក្នុងខេត្តឱ្យល្អប្រសើរ ដើម្បីឱ្យសាកសមនឹងគុណបំណាច់របស់ពួកគាត់បានលះបង់សម្រាប់សង្គមជាតិ។

ថ្លែងក្នុងពិធីប្រកាសប្រគល់តួនាទីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ ជូនលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុក្ខដាក់ផ្តល់អាទិភាពខ្ពស់បម្រើជាពិសេសដល់សមាជិកអតីតយុទ្ធជនក្នុងខេត្ត ឱ្យសាកសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការយកចិត្តទុក្ខដាក់សម្រាប់ពួកគាត់នេះ ដើម្បីធានាថាអតីតយុទ្ធជនក្នុងខេត្ត ទទួលបានភាពល្អប្រសើរក្នុងជីវិត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍក្នុងខេត្តកន្លងមក ក៏ដូចជាការចូលរួមក្នុងសកម្មភាពនានា ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាពរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្ត។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ឃុំ ចាំបាច់ត្រូវចងក្រងឯកសារជីវប្រវត្តិរបស់សមាជិកអតីតយុទ្ធជនឱ្យបានត្រឹមត្រូវសម្រាប់ជាមូលដ្ឋានប្រើប្រាស់នៅពេលចាំបាច់ និងធានាថាពួកគាត់អាចទទួលបាននូវជំនួយឧបត្ថម្ភតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

លោក ខូយ រីដា ប្រធានកិត្តិយសថ្មីនៃសមាគមអតីតយុទ្ធជនខេត្ត បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចឱ្យបានល្អប្រសើរ។ ជាពិសេសប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *