កណ្តាល ៖ បុរស២នាក់ប៊ិះក្លាយជាអ្នកទោស ខណៈជិះម៉ូតូសុខៗអស់ប្រេងសាំង ឃើញម៉ូតូសណ្តោងរ៉ឺម៉កក៏លួចបូមប្រេងសាំង៣លីត្រចាក់ម៉ូតូរបស់ខ្លួន ដោយមិនបានសុំម្ចាស់ រួចបញ្ឆេះម៉ូតូជិះចេញទៅ ត្រូវបានម្ចាស់រ៉ឺម៉កប្តឹងដល់សមត្ថកិច្ចឱ្យឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៣និង៣០នាទី នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយមកមានទោសត្រឹមអប់រំ ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះឆាន់សាវ៉េតភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ បានសំណូមពរមិនប្តឹងសូមធ្វើការអប់រំបានហើយ។ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ គង់ សុងឡេង ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ និង២-ឈ្មោះ ផល វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន) ។
សមត្ថកិច្ចបន្តថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូតាមផ្លូវក៏អស់សាំង ហើយក៏បណ្តើរម៉ូតូរកកន្លែងចាក់សាំង តែនៅពេលបណ្តើរបានប្រហែល៣០០ម៉ែត្រ ក៏ឃើញម៉ូតូសណ្តោងរ៉ឺម៉ករបស់ជនរងគ្រោះទុកចោលក្បែផ្លូវ ក៏បានយកដបទឹកសុទ្ធលួចបូមសាំងចេញពីម៉ូតូសណ្តោងរ៉ឺម៉ក បាន៣លីត្រ យកមកចាក់ម៉ូតូរបស់ខ្លួនជិះទៅមុខទៀតបាត់ទៅ ។
ក្រោយមកជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឱ្យជួយឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីធ្វើការអប់រំដោយស្នើសុំមិនប្តឹងផ្តល់ឬក៏ទារសំណងអ្វីនោះទេ ៕