ដីបឹងមួយកន្លែងត្រូវបានអាជ្ញាធរឃុំលក់ទៅឱ្យបុគ្គលម្នាក់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

កំពង់ធំ.ដីបឹងមួយកន្លែងស្ថិតនៅភូមិរកាជូរ ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានទំហំប្រមាណជិត២ហិចតា ត្រូវបានរដ្ឋបាលឃុំលក់ទៅឱ្យបុគ្គលម្នាក់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកអ៊ុំម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលមានដីនៅអែបមាត់បឹងនោះបានឱ្យដឹងថា បឹងនេះមានឈ្មោះបឹងបវែង ត្រូវបានរដ្ឋបាលឃុំលក់ទៅឱ្យបុគ្គលម្នាក់តាំងពីឆ្នាំ 2020មកម្លេះ លោកអ៊ុំបានបន្តថា ដើមឡើយបឹងនេះជាបឹងធម្មជាតិសម្រាប់ទុកទឹកឱ្យគោក្របីផឹកនៅខែប្រាំងនិងប្រជាពលរដ្ឋដែលមានដីស្រែនៅទីនោះបូមដាក់ស្រែ ប៉ុន្តែឥឡូវត្រូវបានអាជ្ញាធរឃុំលក់ទៅឲ្យបុគ្គលធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសព្វថ្ងៃនេះ បឹងនេះត្រូវបានបុគ្គលនោះ ឈូសឆាយវាតទីយកដីនិងជីកស្រះ ,ធ្វើស្រែក្នុងបាតបឹងនេះទៀត។

លោកឌី សុខ ដែលជាមេឃុំក្លែងបានឱ្យដឹងថា បឹងនេះជាបឹងដែរប្រជាជនធ្វើអាស្រ័យទេ ប៉ុន្តែបុគ្គលនោះគាត់ជ្រុលជាទិញទៅហើយ គាត់នឹងផ្ទេរឲ្យវិញ ប៉ុន្តែគាត់សុំអាស្រ័យផលរួចខ្លួនលុយទិញសិនពី១ឆ្នាំទៅ២ឆ្នាំ ហើយលោកមេឃុំបានឲ្យដឹងទៀតថា បើសិនជាប្រជាជនប្ដឹង គាត់នឹងសុំអនុម័តសម្រេចដីចំណីបឹងទាំងអស់ 50ម៉ែត្រពីមាត់បឹង មិនឲ្យធ្វើស្រែទាំងអស់គ្នាតែម្ដង គ្រប់មាត់បឹង និងមិនឱ្យបូមទឹក ហើយទុកជាបឹងអភិរក្ស។

លោកស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានឲ្យដឹងថា លោកមិនបានដឹងទេ ហើយលោកទើបនឹងឡើងមកកាន់ថ្មី ប៉ុន្តែបើសិនជាលក់ហើយ មិនបានចុះបញ្ជី អត់បានទេ ត្រូវតែឃាត់ឈប់ឱ្យធ្វើអាស្រ័យផលតែម្ដង។  ប្រជាពលរដ្ឋដែលមានដីនៅអែបមាត់បឹងនោះមិនសុខចិត្តទេ បានសុំសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ដើម្បីទុកឲ្យបឹងនេះជាបឹងសាធារណៈ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *