មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹម ប្រសិនបើមានបញ្ហាអ្វីត្រូវរាយការណ៍ទៅមន្ត្រីជំនាញភ្លាមៗ

កំពង់ធំ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹម ប្រសិនបើមានបញ្ហាអ្វីត្រូវរាយការណ៍ទៅមន្ត្រីជំនាញភ្លាមៗ។ ឯកឧត្តម តាន់ ផាន់ណារ៉ា បានថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺអុតក្តាម និងជំងឺដុំពកស្បែកលើ សត្វគោ ក្របីជូនប្រជាពលរដ្ឋនៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានបន្តថាជម្ងឺអុតក្តាម ជម្ងឺដុំពកស្បែកគោ ក្របី បង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញាជាដុំពកតូចៗ ឬ ធំ នៅស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្តៅខ្លួនអាចឡើងដល់៤១អង្សារសេ។ ជម្ងឺដុំពកនេះ អាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះ អាចបណ្តាលឲ្យសត្វងាប់បាន។ មេរោគជំងឺនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈរុយ មូស ដង្កែគោ តាបោម ការដឹកជញ្ជូនចំណីសត្វ ទឹមមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀតហើយមេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែឯណោះ។ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ ប្រជាកសិករចូលរួមជាមួយមន្ត្រីជំនាញដូចជា ៖១-សូមលោកមេឃុំ មេភូមិ បន្តស្រាវជ្រាវឲ្យអស់នូវគ្រួសារដែលមានសត្វ ឈឺនិងជួយផ្សព្វផ្សាយកុំឲ្យមានការចល័តគោ ក្របី ចេញក្រៅភូមិ ដើម្បីឲ្យស៊ីចំណី ឬ លក់គោដែលមានក្នុងភូមិសាស្ត្រសត្វឈឺនេះឲ្យសោះ ។

២-សូមបងប្អូនប្រជាកសិករ ចូលរួមតាមការគិតគូរនិងស្នើសុំរបស់ថ្នាក់ដឹកនាំ សហការជាមួយមន្ត្រីជំនាញ ពិនិត្យព្យាបាលដោយមិនយកកម្រៃអ្វីទាំងអស់ ។

៣-ក្រៅពីជំងឺនេះ សូមបងប្អូន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកឲ្យបានគ្រប់សត្វទាំងអស់ ។

៤-សូមបងប្អូន ប្រើប្រាស់ថ្នាំទម្លាក់ព្រូន ឬ សត្វល្អិត លើសត្វគោ ក្របី ឲ្យបានទៀងទាត់ ដើម្បីឲ្យគោ ក្របី ធំធាត់បានលឿន។

៥-សូមលាងសម្អាតគោឲ្យបានរៀងរាល់ថ្ងៃ ជាមួយនឹងទឹកសាប៊ូ ឬ ទឹកស្អាត ដើម្បីជម្រះមេរោគផងនិងធ្វើឲ្យគោត្រជាក់ខ្លួនផង និងជួយជំរុញដល់ការធំធាត់លឿនផង.រាយការណ៍ជូនលោកមេភូមិ មេឃុំ ភ្នាក់ងារសុខភាពសត្វភូមិជាបន្ទាន់ក្នុងករណីពិនិត្យឃើញថា សត្វគោ ក្របី មានអាការៈជំងឺមិនប្រក្រតីកើតឡើង។លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឲ្យដឹងថា នៅក្នុងខេត្តមានសត្វគោក្របីសរុបជាង ២១ម៉ឺនក្បាល ដោយឡែកនៅក្នុងថ្ងៃនេះយើងនឹងចាក់វ៉ាក់សាំងសត្វគោក្របីជូនប្រជាពលរដ្ឋនៅក្នុងភូមិសង្កាត់ខាងលើនេះ ចំនួន ៥០០ក្បាល  ហើយមន្ត្រីជំនាញនៅតែបន្តចាក់ជូនម្ចាស់សត្វពាហនៈទាំងអស់នោះទាល់តែអស់ ។លោកបានបន្តថា.ក៏បានជំរុញឲ្យបងប្អូនប្រជាកសិករ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ខណៈតំបន់មួយចំនួនត្រូវរងគ្រោះដោយទឹកជំនន់ ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ទៅមន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។ឯកឧត្តម បានបន្តថាការចាក់ថ្នាំការពារជំងឺទៅលើសត្វគោ ក្របី ត្រូវធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារ ពេទ្យសត្វតាមភូមិ ហើយរាល់ការចាក់វ៉ាក់សំាងនេះ ពុំតម្រូវឲ្យបង់ប្រាក់ទេ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *