ព្រះវិហារ៖ នៅរសៀលថ្ងៃអង្គារ ៨ រោជ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ១៨ ខែតុលា ឆ្នាំ២០២២នេះ សាខាសមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានចូលរួមសហការ ជាមួយអាជ្ញាធរ ក្រុងព្រះវិហារ សង្កាត់ប៉ាលហាល រួមនិងអាជ្ញាធរភូមិ នគរបាលប៉ុស្តិ៍ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ធ្វើសកម្មភាពសម្អាតអនាម័យ ដើម្បីបរិស្ថានស្អាត សុខភាពល្អ ចាប់ពីមុខសាលាក្រុង រហូតដល់រូបសំណាក់លោកតាឌី តាមចិញ្ជើមផ្លូវជាតិលេខ៦២ចូលមកក្រុងព្រះវិហារ។
ក្នុងនោះផងដែរអាជ្ញាធរក្រុងព្រះវិហារ ក៏បានដាក់បំរាមទៅដល់ប្រជាពលរដ្ឋណាដែលយកសំរាមវេចខ្ចប់យកទៅចោលនៅតាមចិញ្ចើមថ្នល់ ពេលចាប់បានត្រូវផាកពិន័យនូវទឹកប្រាក់ចំនួន១០ម៉ឺនរៀល និងនាំខ្លួនទៅប៉ុស្តិធ្វើកិច្ចសន្យាផងដែរ ។
ទន្ទឹមនោះដែរ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំយកសំរាមយកទៅបោះចោលទីនោះបន្តទៀត ព្រោះថានេះធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងសូមចូលរួមថែរក្សាបរិស្ថាន ទើបយើងរស់នៅមានសុខភាពល្អគ្រប់ៗគ្នា៕