កំពង់ធំ: ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងនិងសហការី នាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៦០គ្រួសារ នៅឃុំមានជ័យ និងឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២។
នៅក្នុងពិធីនេះដែរឯកឧត្តម ងួន រតនៈ ថ្លែងថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀងនៅឆ្នាំនេះ ទឹកធំជាងឆ្នាំមុនៗ ដែលបង្កឲ្យមានការលិចផ្ទះសម្បែង ផលដំណាំ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិបាកក្នុងការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃ ព្រមទាំងមានភ្លៀងខ្លាំង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ។ ដោយមើលឃើញអំពីទុក្ខលំបាកការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវស្បៀងបន្ទាន់ តាមរយៈរដ្ឋបាលខេត្តយកមកចែកជូនបងប្អូនពលរដ្ឋនាពេលនេះ។ ឯកឧត្តមបន្ថែមទៀតថា ការចែកអំណោយទាំងនេះ គឺមិនបានចែកគ្រប់គ្នានោះទេ ដោយអាជ្ញាធរស្រុក ស្រង់យកតែអ្នកដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។ទន្ទឹមនិងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ជាពិសេសនៅកន្លែងណាដែលងាយរងគ្រោះ ដើម្បីកំណត់មុខសញ្ញា និងជម្លៀសពួកគាត់ឲ្យមករកទីទួលមានសុវត្ថិភាព ។ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញ ត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវ នៅក្នុងភូមិសាស្រ្តសាម៉ី ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញបន្ទាប់ពីទឹកបានស្រកទៅវិញ ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូល និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។