ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា ការចូលរួមជួយគ្នាក្នុងគ្រាលំបាកនេះ គឺជាកិច្ចការចាំបាច់បំផុតដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែណែនាំឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀង អាហារនោះឡើយ ។ថ្លែងបែបនេះ ក្នុងពេល ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំចំនួនពីគឺ ឃុំតស៊ូ ចំនួន ១១៩គ្រួសារ និងឃុំពទ្រា ចំនួន ១២៨គ្រួសារ ក្នុងស្រុកជ័យសែន នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។ នាឱកាសនោះឯកឧត្តម បានកោតសរសើដល់ស្រុកជ័យសែន ដែលមានទំលាប់ប្រពៃណីល្អ ក្នុងការធើ្វស្រែបែបធម្មជាតិគ្មានប្រើប្រាស់សារធាតុគីមី ហើយស្រូវធម្មជាតិនេះគឺវាមានតម្លៃថ្លៃ និងនាំយកទៅលក់នៅលើទីផ្សារអឺរ៉ុបផងដែរ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ បើមានបញ្ហាអ្វីសូមរាយការណ៍មកអាជ្ញាធរស្រុក ដើម្បីជួយអន្តរាគមន៍បានទាន់ពលវេលាពិសេសត្រូវមានការប្រុងប្រយ័ត្នការពារកូនតូចៗជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរ និងអាណិតស្រលាញ់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ធម្មជាតិនិងរងគ្រោះផ្សេងៗ ប្រជាពលរដ្ឋចំនួន ២៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារទទួល បានអង្ករ ២៥គីឡូ ទឹកសុទ្ធ ១កេះ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ផងដែរ។៕