ព្រះវិហារ៖ លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋ នៅស្រុកជ័យសែន និងស្រុករវៀង ក្នុងខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ។
លោក ចាន់ ចេស្តា បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង និងផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងនាមគណៈកម្មការគ្រោះមហន្តរាយខេត្ត គឺមានផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់មានចំនួន ៩,៨០០ហិកតា។
លោករដ្ឋលេខាធិការ បានបន្តថា ក្រោយពិនិត្យឃើញជាក់ស្តែង ក្នុងនាមប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក តាមរយៈលោកអភិបាលខេត្តព្រះវិហារ រង់ចាំទទួលនូវសំណើររបស់ប្រជាពលរដ្ឋ ហើយក៏បានជួបប្រជាពលរដ្ឋតាមឃុំមួយចំនួននៅស្រុកជ័យសែន និងស្រុករវៀង ឃើញថាផ្ទៃដីស្រូវដែលខូចខាតនេះ សម្រាប់ចុងរដូវគាត់មានបញ្ហាមួយ ពេលដែលឱ្យពូជស្រូវមក គាត់មិនអាចធ្វើស្រូវបានដោយសារអត់មានប្រភពទឹក ប៉ុន្តែពូជស្រូវនេះគាត់ថាបើមិនអាចធ្វើចុងរដូវវស្សាបាន គឺគាត់អាចធ្វើដើមរដូវវស្សាឆ្នាំក្រោយ។
ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ តំណាងឱ្យប្រជាពលរដ្ឋខេត្តព្រះវិហារ លោកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ប្រតិភូក្រសួងកសិកម្ម និងប្រតិភូក្រោមការចង្អុលបង្ហាញពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចុះសិក្សាពីផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តព្រះវិហារ។
លោក គីម រិទ្ធី បានថ្លែងដោយក្តីរំភើបរីករាយ ដែលសម្តេចតេជោ បានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះកសិករដែលរំពឹងលើដំណាំដែលជាចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ហើយក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងនៅកៀកជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកនូវសំណូមពរទាំងឡាយ ពិសេសមិនឱ្យប្រជាពលរដ្ឋដាច់ស្បៀងដោយអាជ្ញាធរមិនបានដឹង៕