ព្រះវិហារ៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ទូក និងម៉ាស៊ីនទូក ៤គ្រឿង ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ តាមបទបញ្ជា ជាពិសេស នៅក្នុងសកម្មភាពមនុស្សធម៌ បម្រើផលប្រយោជន៏ប្រជាជន ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ការប្រគល់ទូក និងម៉ាស៊ីនទាំង ៤គ្រឿងនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ម្សិលមិញ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ តាមរយៈក្រុមការងារ ដែលជាតំណាងរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង ដោយសម្តែង នូវការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតដល់ភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេស ក្នុងកាលៈទេសៈដែលប្រជាជនមួយចំនួន នៅខេត្តព្រះវិហារ កំពុងទទួលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងទៀតថា ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ សូមមានសុខភាពល្អ កម្លាំងមាំមួន និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កកុំបីឃ្លៀងឃ្លាតឡើយ ៕