ខេត្តស្វាយរៀងៈ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារនិងសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២២នេះបានធ្វើការជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានត្រូវនាំគ្នាអញ្ជើញទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដើម្បីត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។
ឯកឧត្តមបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនគ្រួសារប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅចំនួន៨គ្រួសារស្ថិតនៅក្នុងសង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយនៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង អស់លោកជាអភិបាលរងក្រុង លោក ជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ លោកស្រីចៅសង្កាត់និងមន្ត្រីដែលមានការពាក់ព័ន្ធនានាជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ជុក មុន្នី បានមានប្រសាសន៍បន្តទៀតថាៈ ដើម្បីឆ្លើយតបទៅនឹងសំណូពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះក៏ដូចជាកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅតាមសហគមន៍ក៏ដូចជានៅតាមសង្កាត់ទាំង៧នៅក្នុងក្រុង លោកនិងក្រុមការងារក៏បានឯកភាពគ្នាក្នុងការដោះស្រាយជូនពួកគាត់នៅតាមគ្រួសារដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃទៅតាមលទ្ធភាពជាក់ស្តែងនាពេលនេះ ។
នៅក្នុងឱកាសនោះផងដែរឯកឧត្តមប្រធានក្រុមការងារក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខជូនចំពោះមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅទីនេះផងដែរដែលសម្តេចតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តការយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយ អនាម័យ ជាពិសេសការអនុវត្តិវិធានការការពារជំងឺកូវីដ-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម ហើយក៏សូមធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវ គ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជាយើង តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណា កន្លែងណានោះទេ បង្ករឡើងនូវគ្រោះ មហន្តរាយញឹកញ៉ាប់ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម ។ ពិសេសជាងនេះទៅទៀត នោះគ្រោះមហន្តរាយដែលបង្ករដោយមនុស្សគឺ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងការប្រើ ប្រាស់អំពើហឹង្សានៅក្នុងគ្រួសារ នៃសង្គមជាតិ និងកត្តាជាច្រើនទៀតដែលត្រូវដោះស្រាយចំពោះ មុខនោះគឺ ជនដែលងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅ ជាមួយមេរោគអេដស៍ ដូចយើងឃើញនៅពេលនេះស្រាប់ ។
អំណោយដែលបានចែកជូន ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ២០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកដោះគោ២កំប៉ុង ក្រមា ១ មុង ១ ទឹក សុីអុីវ១យួ និងថវិកាធ្វើដំណើរ ១១០,០០០ រៀល ផងដែរ៕