កំពង់ឆ្នាំង :ដោយសារតែមានការព្រួយបារម្ភពីក្រពើដែលរួចចេញពី អាងចិញ្ចឹមគ្រាដែលទឹកទន្លេបានជន់ឡើងលិចអាងចិញ្ចឹម នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរស្រុកបរិបូណ៌ និងមន្ត្រីជំនាញបានចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើនៅក្នុងឃុំឆ្នុកទ្រូក ឱ្យព័ទ្ធរបាំងលួសសំណាញ់ដើម្បីការពារ សត្វក្រពើចេញពីអាង ។
លោក ផល សុភាពអភិបាលរងស្រុកបរិបូរណ៍បានឱ្យដឹងថាដោយទទួលដំណឹងថាអាងចិញ្ចឹមក្រពើចំនួន២កន្លែងប្រឈមនឹងសត្វក្រពើរួចចេញ ព្រោះតែទឹកទន្លេជន់ឡើង លោកក៏បានដឹកនាំមន្ត្រីជំនាញនិងសមត្ថកិច្ចចុះទៅណែនាំដល់ម្ចាស់អាងចិញ្ចឹមក្រពើ ត្រូវយករបាំងលួសសំណាញ់ព័ទ្ធបន្ថែមពីលើ របាំងសាច់អួន ដែលម្ចាស់ អាងចញ្ចឹមក្រពើ ព័ទ្ធ ពីមុនដើម្បីឲ្យមានសុវត្ថិភាព កុំឲ្យសត្វក្រពើចេញពីអាង ។ម្យ៉ាងដោយសារក្រពើមានទំហំធំៗ ព្រោះការចិញ្ចឹមបានច្រើនឆ្នាំណាស់ទៅហើយ ។
ក្រៅណែនាំឲ្យយកលួសសំណាញ់រាយព័ទ្ធលើអាងចិញ្ចឹមក្រពើ បន្ថែម លោកនូវបានណែនាំដល់ម្ចាស់អាងក្រពើឱ្យ មើលការពារប្រុងប្រយ័ត្នកុំឲ្យក្រពើរួចចេញពីអាងចិញ្ចឹមផងដែរ។
គួរបញ្ជាក់ផងដែរថាក្នុងឃុំឆ្នុកទ្រូ មានកន្លែងចិញ្ចឹមក្រពើចំនួន ៩ កន្លែងប៉ុន្តែ២កន្លែងបានប្រឈមនិងគ្រោះថ្នាក់បើក្រពើរួចចេញពីអាង និង ៦កន្លែងទៀតទឹកលិចមិនទាន់ដល់ទេ៕