លោក គីម រិទ្ធី ជម្រុញលើកទឹកចិត្តថ្នាក់ដឹកនាំ សមាជិកសមាជិកា ស.ស.យ.ក ខេត្តព្រះវិហារទាំងអស់ បន្តសកម្មភាពដោយស្ម័គ្រចិត្តចូលរួមផ្តល់ឈាម ដើម្បីជួយដល់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ

ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅរសៀលថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាជិកា ស.ស.យ.ក ខេត្ត និងប្រកាសទទួលស្គាល់ សមាសភាពបន្ថែម គណៈកម្មាធិការ ស.ស.យ.ក ខេត្តព្រះវិហារដែលបានប្រារព្ធធ្វើឡើងនៅអាគារសាលាខេត្ត ក្រោមវត្តមានចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធានព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមកពីតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត និងក្រុង ស្រុក ទាំង៨ ទូទាំងខេត្តព្រះវិហារជាច្រើនរូប។

នាឱកាសនោះ លោក យ៉ុង គឹមហ៊ាន ប្រធាន ស.ស.យ.ក ខេត្ត ព្រះវិហារ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោកប្រធានគណៈអធិបតីព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាដែលបានចូលរួមក្នុងកម្មវិធីនាពេលនេះ។

លោកបានបន្តជម្រាបជូនអំពីលទ្ធផលការងារសម្រេចបានដោយសង្ខេបរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារនាពេលកន្លងមកជូនអង្គពិធី ដែលមានដូចជាការងារ រៀបចំរចនាសម្ព័ន្ធ ការងារហិរញ្ញវត្ថុ ព្រមទាំងសកម្មភាពការងារពង្រឹងអង្កការចាត់តាំង របស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងការលើកតម្កើងកិត្តនាម អត្តសញ្ញាណជាតិ ការអភិវឌ្ឍសមត្ថភាពយុវជន និងការចូលរួមសកម្មភាពសង្គម និងការងារផ្សេងៗ ជាច្រើនទៀត។

ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី ក៏បានប្រគល់សេចក្ដីសម្រេចជូនដល់អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដែលទើបបានចេញសេចក្តី សម្រេចទទួលស្គាល់បំពេញបន្ថែមនាពេលនេះសរុបចំនួន១៣រូប។

ជាមួយគ្នានោះ លោក គីម រិទ្ធី អនុប្រធាន ស.ស.យ.ក ក៏បានលើកឡើងអំពីតួនាទីរបស់សហភាពសហព័ន្ធយុវជននិងបាន « ជម្រុញនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំនិង សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តទាំងអស់ បន្តសកម្មភាពដោយស្ម័គ្រចិត្តក្នុងការចូលរួមការងារមនុស្សធម៌ជួយដល់សង្គមជាតិ។ ជាពិសេសលោកបានសង្កត់ធ្ងន់ទៅលើការចូលរួមផ្តល់ឈាម ដើម្បីជួយដល់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ»៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *