កោះកុង៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធការសម្លាប់បុរសម្នាក់ចាំចម្ការរហើយប្លន់យកម៉ូតូ។ករណីនេះបានកើតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុងកាលពីថ្ងៃទី៦ ខែតុលាឆ្នាំ២០២២កន្លងទៅនេះ។ សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៤នាក់ដែលសមត្ថកិច្ចកំពុងសាកសួរនេះ មាន២នាក់ សមត្ថកិច្ចចាប់ខ្លួននៅកន្លែងកើតហេតុ ក្នុងស្រុកស្រែអំបិលខេត្តកោះកុង និង២នាក់ទៀត ចាប់មកពីខេត្តកំពត។ ជនរងគ្រោះមាន ឈ្មោះ ហុក សាង ភេទប្រុស អាយុ៦៤ឆ្នាំ ជាអ្នកចាំចម្ការមួយកន្លែង ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុង ជនរងគ្រោះមានស្នាមបែកផុងលលាក្បាលខាងក្រោយ០១កន្លែង, បែកថ្ពាល់ឆ្វេង០១កន្លែង និងរយះដៃឆ្វេងកន្លែងហើយនៅជិតសាកសព មានស្បែកជើង១គូ ។ សមត្ថកិច្ចបានសន្និដ្ឋានថា នេះជាករណីប្លន់យកម៉ូតូ ដោយវាយសម្លាប់ជាមួយវត្ថុរឹង សម្ភារដែលភ្ជាប់ជាមួយជនរងគ្រោះ មាន ម៉ូតូមួយគ្រឿង ហុងដាឌ្រីមផ្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយមួយ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់សមត្ថកិច្ចកំពុងធ្វើការសាកសួនិងឈានទៅរកឃាតករពិតដើម្បីយកមកផ្ដន់ទាទោសតាមច្បាប់ផងដែរ៕