(កំពង់ធំ)÷ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិករដ្ឋាននៃគណកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា អមដំណើរដោយឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានបាន នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន២២៤គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ។ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលបានលិចលង់ ហេដ្ឋារចនាសម្ព័ន្ធ ស្រែស្រូវ និងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកភ្លៀង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងដូចជា ផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម និងស្ពានផងដែរ។ជាមួយគ្នានេះឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពាំនាំផ្តាំសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងយកចិត្តទុក្ខដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ ឯកឧត្តម វង់ សណ្តាប់ បានថ្លែងអំណរគុណ និងកោតសរសើរ លោកអភិបាលស្រុកកំពង់ស្វាយ និងអាជ្ញាធរខេត្តកំពង់ធំ ដែលបានខិតខំកៀរគរសប្បុរសជននានា មានស្បៀង និងមធ្យោបាយផ្សេងៗ ក្នុងការគ្រប់គ្រងទឹកជំនន់ នាពេលកន្លងមក។ សម្រាប់អំណោយដែលត្រូវចែកជូននៅពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលយើងធ្វើការចែកជូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណា ដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ។លើសពីនេះឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួនកុំឱ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ កុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាព ដូចសព្វថ្ងៃនេះបន្តទៅទៀត។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារនូវអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ទប់ស្កាត់នៅល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដើម្បីការពារកុំឲ្យមានអំពើហិង្សាកើតឡើងដល់ក្រុមគ្រួសារ៕សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន២២៤គ្រួសារដែលរងគ្រោះដោយទឹកជំនន់ ជន់ដោយទឹកភ្លៀងក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ និងទឹកបរិសុទ្ធវីតាល់០១កេស ៕